(ស៊ីរី)៖ ដើម្បីជួយ​ជ្រោមជ្រែង​ក្នុងការវាយរំដោះ​ទីក្រុងរ៉ាកកា (Raqqa) ពីកណ្ដាប់ដៃ​ពួក ISIS សហរដ្ឋអាមេរិក​បានបញ្ជូនកងម៉ារីន​ពិសេសមួយ​ក្រុម អមដោយ​កាំភ្លើងធំធុន​ធ្ងន់​ទៅកាន់ប្រទេស​ស៊ីរី ដែលនេះគឺ​ជាការចូលរួម​ចំណែកដ៏ធំ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS។ នេះបើ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

យោងតាម Washington Post កងម៉ារីន​អាមេរិក​ខាងលើ​បានចាកចេញ​ពីទីក្រុង San Diego នៃរដ្ឋ California តំាងតែពី​ខែតុលា ឆ្នាំ២០១៦មកម្លេះ និងបានទៅដល់ប្រទេស​ស៊ីរីហើយ។ ម្យ៉ាងវិញទៀត កាំភ្លើងធំ​ប្រវែង ១៥៥មីលីម៉ែត្រ​ក៏ត្រូវបានដាក់​ពង្រាយនៅក្បែរ​ទីក្រុងរ៉ាកកា​ផងដែរ ដើម្បីរៀបខ្លួន​វាយលុក ក៏ដូចជា​គាំទ្រដល់​ក្រុមឧទ្ទាម​ស៊ីរី SDF ឬកងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី វាយរំដោះទីក្រុង​មួយនេះ​ពីពួក ISIS មកវិញ​ស្របពេលបច្ចុប្បន្ន​កងទ័ពអាមេរិក​ជិត៥០០នាក់ កំពុងមានវត្តមាន​ស្រាប់នៅ​លើទឹកដី​ស៊ីរី។
ទោះបីជា​យ៉ាងណា​ចំនួនពិតប្រាកដ​នៃកងម៉ារីន​អាមេរិក មិនត្រូវបាន​គេបញ្ជាក់ឱ្យដឹង​ឡើយ។ «ក្រោម​ហេតុផល​សន្តិសុខ ខ្ញុំ​មិនអាចផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធនឹង​ការបំលាស់ទី និងការដាក់​ពង្រាយកងទ័ព​អាមេរិក​នៅស៊ីរី​ដល់អ្នក​នោះទេ»។ នេះបើតាម​អ្នកនាំពាក្យ​មន្ទីរបញ្ចកោណ លោក Adrian Rankin ថ្លែងប្រាប់​អ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា​បើតាមក្រុម​អង្គការឃ្លំាមើល​សិទ្ធិមនុស្សស៊ីរី នៅ​ថ្ងៃព្រហស្បតិ៍នេះ​ជនស៊ីវិលយ៉ាងហោច​ណាស់១៤នាក់ ក្នុងនោះ​មានកុមារ០៦នាក់បានស្លាប់​នៅក្បែរទីក្រុង​រ៉ាកកា ដោយសារ​តែការ​វាយប្រហារ​តាមផ្លូវអាកាស​ប្រឆំាងពួក ISIS ពីសំណាក់​យន្ដហោះ​ចម្បាំង ដែលគេជឿជាក់ថា​ជារបស់ក្រុម​ចំរុះអន្តរជាតិ ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ ទីក្រុងរ៉ាកកា ស្ថិតនៅ​ចំងាយ ១៦០គីឡូម៉ែត្រ​ពីភាគខាងជើង​ទីក្រុងអាឡេប៉ូ បានធ្លាក់ចូល​ទៅក្រោមការគ្រប់គ្រង​របស់ពួក ISIS កាលពី ឆ្នាំ២០១៣។ ដោយឡែក​បើតាម​យោធាអាមេរិក​ក្រុមសកម្មប្រយុទ្ធ ISIS ពី៣,០០០ទៅ៤,០០០នាក់ កំពុងឈរជើង​ក្នុងទីក្រុងរ៉ាកកា ដែលមាន​ប្រជាជន​ស៊ីរីប្រមាណ ៣០០,០០០​នាក់រស់នៅ៕