(ប៉េកាំង)៖ សហរដ្ឋអាមេរិក​បានបន្តរំលោភបំពាន​លើសិទ្ធិមនុស្ស នៅតាមបណ្តា​ប្រទេសដទៃៗ​ជុំវិញ​ពិភពលោក ដែលបាន​បង្កឲ្យជន​ស៊ីវិល​​ស្លូតត្រង់​ទទួលរង​គ្រោះយ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ នេះបើតាម​ការបាយការណ៍​មួយ​ស្តីពីសិទ្ធិ​មនុស្ស​អាមេរិក ដែលត្រូវ​បានដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

របាយការណ៍​ការមានចំណង​ជើងថា «កំណត់ត្រា​សិទ្ធិមនុស្សនៃ​សហរដ្ឋអាមេរិក​ក្នុងឆ្នាំ២០១៦» ដែលត្រូវ​បាន​ចេញផ្សាយ​ដោយការិយា​ល័យ​ព័ត៌មាន​នៃក្រុមប្រឹក្សា​រដ្ឋ​របស់​ប្រទេសចិន បានរៀបរាប់​ថា អាមេរិក​បានរៀបចំ​កងកម្លាំង​ចម្រុះម្តង​ហើយ​ម្តង​ទៀត ដើម្បី​បើក​​ការ​វាយ​​ប្រហារ​តាមផ្លូវអាកាស​ប្រឆាំងទៅ​លើកម្លាំង​យោធា​នៅក្នុងប្រទេស​អ៊ីរ៉ាក់​ និងស៊ីរី។ ចាប់ពីថ្ងៃ​ទី០៨ ខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ សហរដ្ឋអាមេរិក​បានចេញប្រតិបត្តិការ​ទម្លាក់គ្រាប់​បែក​ប្រមាណ ៧,២៥៨លើក​នៅអ៊ីរ៉ាក់ និង​៥,៨២៨លើក​​នៅស៊ីរី ដែលបាន​បណ្តាលឲ្យ​មានហេតុការណ៍​អាក្រក់​ចំនួន ៧៣៣ករណី ជាមួយ​និងប្រជាជន​ស៊ីវិលស្លូតត្រង់​ដែលបានបាត់បង់​ជីវិតចន្លោះ​ពី​៤,៥៦៨នាក់ ទៅ ៦,១២៧នាក់។

បន្ថែមពីនេះ​យោងតាមរបាយការណ៍​ខាងលើដដែល បញ្ហានៃ​ការចាប់ឃុំខ្លួន​ដោយខុសច្បាប់ និងការធ្វើ​ទណ្ឌកម្ម​ទៅលើអ្នកទោស​នៃ​ប្រទេសដទៃៗ​ផ្សេងទៀត​ នៅតែមិន​ទាន់ត្រូវបាន​ដោះស្រាយ​ចេញ។ កាលពី​ឆ្នាំ២០០៩ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ធ្លាប់​បាន​សន្យា​ថា​​ នឹង​បិទ​​ពន្ធ​នា​គារ Guantanamo Bay ដែលស្ថិត​ក្នុងប្រទេស​គុយបា តែមកដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅ​​មាន​អ្នក​ទោស​​ចំនួន​៥៩​នាក់​​ដដែល​ជាប់​ឃុំខ្លួន​នៅក្នុងពន្ធនាគារ​នោះ។ ពន្ធនាគារ Guantanamo Bay របស់​អាមេរិក ត្រូវបាន​ប្រទេសជាច្រើន​ចាត់ទុកថា​ជាទីកន្លែងដែល​​បំពាន​​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់ធ្ងរ​បំផុតមួយ ដែលអាមេរិកមិនអាចប្រកែកបាន។

ម៉្យាងវិញទៀត​របាយការណ៍​ការសម្ងាត់មួយ​បានលាតត្រដាង​ឲ្យដឹងថា ក្នុង​ពន្ធនាគារ​នៃទីភ្នាក់ងារ CIA ​របស់​អាមេរិក​​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​​ដែលគេស្គាល់​ថា Salt Pit ជនសកម្មប្រយុទ្ធ​ឈ្មោះ Gul Rahman ត្រូវបានគេ​ដាក់ឲ្យនៅក្នុងបន្ទប់​ដ៏ត្រជាក់បំផុត ហើយបានស្លាប់​ដោយសារ​តែ​សីតុណ្ហភាព​ទាបខ្លាំងពេក ខណៈពេលកំពុង​ជាប់ឃុំខ្លួន​នៅទីនោះ។ របាយការណ៍ស្តីពី​ការរំលោភសិទ្ធិមនុស្ស​​របស់អាមេរិកនោះ ត្រូវបាន​សារព័ត៌មាន​ចិននានា ដកស្រង់​ធ្វើការចេញផ្សាយ​ស្ទើរតែស្រុង​តែម្តង ដោយមាន​រៀបរាប់ទាំង​ពេលវេលា ទីកន្លែង របៀបនៃ​ការរំលោភ​សិទ្ធិមនុស្ស និងភ្នាក់ងារ​អាមេរិកដែល​ប្រព្រឹត្តទង្វើ​ទាំងនោះ។

គួរបញ្ជាក់ថា​នៅក្នុងឯកសារមួយផ្សេងទៀត​មានចំណង​ជើងថា «សេចក្តីលម្អិត​នៃការដាក់​សម្ពាធផ្លូវកាយ» ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA បាន​ធ្វើ​​ទណ្ឌកម្ម​ទៅលើជន​ដែលជាប់ឃុំខ្លួន ដោយការ​ទះកំផ្លៀង ក៏ដូចជាការ​ប្រើសត្វល្អិត និងការកប់ទាំងរស់​ជាដើម ហើយ​កាលពី​​ខែ​វិច្ឆិកា ឆ្នាំ២០១៦ ប្រធាន​តុលាការ​អន្តរជាតិ​ធ្លាប់បានឲ្យដឹង​នៅក្នុងរបាយការណ៍​មួយថា កងទ័ពអាមេរិក​និងភ្នាក់ងារ CIA ប្រហែល​ជា​​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម តាមរយៈការធ្វើ​ទណ្ឌកម្មលើជន​ជាប់ឃុំខ្លួន​នៅប្រទេស​អាហ្វហ្គានីស្ថាន៕