(ហូណូលូលូ)៖ រដ្ឋហាវ៉ៃ​បានក្លាយជារដ្ឋ​អាមេរិក​ដំបូងគេ​បំផុត ដែលបាន​ដាក់ពាក្យបណ្តឹង​ប្រឆាំងនឹង​បទបញ្ជាស្តី​ពីបំរាមធ្វើ​ដំណើរថ្មី​របស់​​ប្រ​ធា​នា​ធិប​តីលោក ដូណាល់ ត្រាំ នៅក្រោយ​ពេលដែល​ទទួលបាន​ការអនុញ្ញាត​ពីតុលាការ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Washington Post នៅ​មុន​នេះ​​បន្តិច​នា​រ​សៀល​ថ្ងៃ​ព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

ក្រុមមេធាវី​តំណាងរដ្ឋ Hawaii បានដាក់​ពាក្យបណ្តឹង​នៅថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) ទៅកាន់តុលាការ​សហព័ន្ធ​នៃទីក្រុង​​ហូណូលូលូ (Honolulu) បន្ទាប់ពី​បានផ្តល់ដំណឹង​នាយប់​ថ្ងៃអង្គារថា ខ្លួនមាន​បំណងនឹងប្តឹង​ប្រឆាំង​នឹង​ការដាក់បំរាម​របស់លោក ដូណាល់ ត្រាំ ដែលគ្រោង​នឹងចូលជា​ធរមាន​នៅថ្ងៃទី១៦ ខែមីនា​សប្តាហ៍​ក្រោយនេះ។ ពាក្យបណ្តឹង​របស់រដ្ឋ Hawaii បានលើកឡើងថា​ ​បទបញ្ជាថ្មី​នេះ​នឹងបង្កគ្រោះ​ថ្នាក់ដល់​ជនមូស្លីម វិស័យ​ទេសចរណ៍ និងសិស្ស​បរទេស​ដែលកំពុងរស់នៅ​ក្នុងរដ្ឋ​មួយនេះ។

គួរបញ្ជាក់ថា​បទបញ្ជារបស់​ប្រធានាធិបតីអាមេរិក​លើកនេះ នឹងធ្វើ​ការរារាំង​ទិដ្ឋាការ​សម្រាប់មនុស្ស​មកពីប្រទេស​មូស្ល៊ីមចំនួន០៦ ដោយ​​បាន​ដក​ប្រទេសអ៊ីរ៉ាក់​ចេញ ហើយព្រមទាំង​ផ្អាកកម្មវិធី​ទទួលជនភៀស​ខ្លួន​ជាបណ្តោះ​អាសន្នសិន ប៉ុន្តែវានឹង​មិនប៉ះពាល់​ដល់អ្នកដំណើរ​ដែលមានទិដ្ឋាការ​រួចស្រាប់នោះ​ឡើយ៕