(វ៉ាស៊ីនតោន)៖ អតីតអភិបាលរដ្ឋ Utah លោក ចន ហាន់ស្មែន (Jon Huntsman) ត្រូវបាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ តែងតាំង​ជាអគ្គរដ្ឋទូត​អាមេរិកថ្មី​ប្រចាំប្រទេសរុស្ស៊ី ខណៈដែល​លោក​ត្រូវបានចាត់ទុកជាមន្ត្រីជំនាញ និងមានបទ​ពិសោធន៍​ខ្ពស់មួយរូប សាកសមនឹងតំណែងដ៏សំខាន់នេះ។ នេះបើតាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​អាមេរិក​ ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​អាមេរិក CNN, ABC News និង NBC News លោក ហាន់ស្មែន ដែលធ្លាប់បាន​បំពេញតួនាទី​ជាអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​សិង្ហបុរីនៅឆ្នាំ១៩៩០ និងចិនពីឆ្នាំ២០០៩ ដល់២០១១ ក៏បានយល់ព្រម​ទទួលផងដែរ​​នូវការតែង​តាំង​​របស់លោក ត្រាំ នៅក្នុងបរិបទ​ទំនាក់ទំនង​រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងមូស្គូ​កំពុងតានតឹងខ្លាំង បន្ទាប់ពី​អតីតរដ្ឋបាល​លោក អូបាម៉ា សម្រេចចិត្ត​បណ្ដេញមន្រ្តី​ទូត​រុស្ស៊ី​ជាច្រើន​នាក់ ដោយសារតែការជ្រៀតជ្រែត​ចូលក្នុង​កិច្ចការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកកាលពី​​ឆ្នាំ២០១៦។

គួរបញ្ជាក់ថា​សេចក្ដីរាយការណ៍​ពីការតែងតាំង​លោក ចន ហាន់ស្មែន កើតមាន​ឡើង​នៅចំពេលដែលមន្ត្រី​ជាន់ខ្ពស់​នៃរដ្ឋបាល​លោក ត្រាំ មានដូចជា​អគ្គរដ្ឋអាជ្ញា លោក ជែហ្វ សេសសិន (Jeff Sessions), ទីប្រឹក្សាសេតវិមាន លោក ហ្សារ៉េដ ឃូស្នើ (Jared Kushner), និងអតីត​ទីប្រឹក្សាសន្តិសុខជាតិ​លោក មីឆែល ហ្លីន (Michael Flynn) បានលួចជួប​ពិភាក្សាការងារ​ដោយសម្ងាត់​ជាមួយអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក លោក សឺជី គីស្លីយ៉ាក់ (Sergey Kislyak)៕