(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកលេងបណ្ដាញ​សង្គម Facebook បានប្រទះឃើញសារ​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីកំពូលតារាចម្រៀង ដ៏ល្បីរបស់ប្រទេសកូរ៉េ​ខាងត្បូង គឺលោក Rain បានប្រកាសនៅក្នុងទំព័រ Facebook របស់ខ្លួន ជាភាសាអង់គ្លេសថា​ «Hi, Cambodia. I’m coming to see you again» ដែលមានន័យជាភាសាខ្មែរ​«សួស្ដី កម្ពុជា! ខ្ញុំ​នឹង​ទៅ​ជួប​អ្នក​ម្ដង​ទៀត»

ការបង្ហាញសារ​ដ៏គួរឲ្យភ្ញាក់ផ្អើល​ ក្នុង​ទំព័រ​ហ្វេសប៊ុក​ របស់​​កំពូល​តារា​ចម្រៀង​ K-pop វ័យ ៣៤ ឆ្នាំ​រូបនេះ បានធ្វើឲ្យអ្នកគាំទ្រ​ជាច្រើន នៅក្នុងប្រទេសកម្ពុជា សម្ដែងការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយពួកគេបានបញ្ជូនសារនេះ ឲ្យគ្នាទៅវិញទៅមក និង​រង់ចាំស្វាគមន៍​ដោយក្ដីរីករាយបំផុត ចំពោះវត្តមានរបស់តារាចម្រៀង ដ៏ល្បីរបស់ប្រទេសកូរ៉េ រូបនេះ មកកាន់កម្ពុជា។  

​យ៉ាងណាមិញ បើយោង​តាម​គេហទំព័រ​ RAINCOMPANY ដែលជា​ក្រុមហ៊ុន​របស់​តារា​ចម្រៀង រ៉េន​ បានបញ្ជាក់ថា លោក​នឹង​បង្ហាញ​វត្តមាន​​ក្នុង​ការ​ប្រគំ​ន្ត្រី ​​​របស់​ក្រុមហ៊ុន​ស្មាត មានឈ្មោះថា ​«Smart Mega Concert with Rain» នៅ​ថ្ងៃ​ទី​ ៣០ ខែ​មីនា ឆ្នាំ ២០១៧ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​។

សូមបញ្ជាក់ថា កំពូលតារាចម្រៀង Rain បានសម្រេចចិត្តចូលរោងការ ជាមួយនឹងតារាសម្ដែងដ៏ល្បី គឺនាង Kin Tae Hee ​កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នេះ ​នៅឯវិហារ Gaoe Catholic ដោយក្នុងនោះ ក៏​មានមិត្តភក្តិជាអ្នកសិល្បៈ ចូលរួមយ៉ាងច្រើនកុះករ​ដូចជា ក្រុម JYP, PSY និង Honey Lee​ ជាដើម។

ក្រោយពីសច្ចាក្នុងនាម ជាប្តីប្រពន្ធហើយនោះ តារាប្រុសស្រីដ៏ល្បីរបស់កូរ៉េទាំងពីរដួងនេះ ក៏បានថតរូប និងសរសេរលិខិតផ្ទាល់ដៃ ផ្ញើទៅកាន់អ្នកគាំទ្រ ដើម្បីថ្លែងអំណរគុណ​ផងដែរ។ នៅក្នុងពិធីរៀបការ​របស់ Rain និង Kin Tae Hee ក៏មានសន្តិសុខយាមកាម យ៉ាងម៉ត់ចត់ មិនឲ្យមនុស្សដែលគ្មានការ​អញ្ជើញ ចូលរួមពិធីឡើយ ​ចៀសវាង កើតមានបញ្ហាជាយ​ថាហេតុណាមួយ៕