(ប៉េកាំង)៖ ប្រទេសចិនកំពុង​អភិវឌ្ឍន៍យន្តហោះ​គ្មានអ្នកបើកបរ (Drone) របស់យោធា​ជាមួយនិង​បច្ចេកវិទ្យា​បំបាំងកាយ ដែលអាចគេច​​ខ្លួនពីអាវុធ​បាញ់យន្តហោះបាននៅក្នុងការ​បោះជំហានថ្មី​ឆ្ពោះទៅមុខមួយ​ទៀត​ សម្រាប់គំរោង​ធ្វើទំនើបកម្ម​​វិស័យ​​យោធា​​ពោរ​ពេញ​ដោយមហិច្ឆតា​របស់មហាយក្ស​នៅអាស៊ី​មួយនេះ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

លោក Wei Yiyin អនុប្រធាន​គ្រប់គ្រងទូទៅ​នៃក្រុមហ៊ុន​ឧស្សាហកម្ម​ និងវិទ្យាសាស្រ្ត​អវកាស​ចិនបាន​ថ្លែងថា «យន្តហោះ Drone បានក្លាយ​​ជាអាវុធដ៏​ចាំបាច់បំផុត​មិនអាចខ្វះ​បាន​នៅក្នុងវិស័យ​យោធា​ដ៏ទំនើប​ដូចសព្វ​ថ្ងៃនេះ ដោយសារ​តែពួកវា​អាចដើរតួយ៉ាង​សំខាន់​ នៅក្នុងការ​​​ឈ្លបយកការណ៍​ជាមួយនិងរូបភាព​ដ៏ច្បាស់ៗ និងការ​វាយប្រហារ​រយៈចម្ងាយឆ្ងាយ​ប្រកបដោយ​ភាពត្រឹមត្រូវ​ និងច្បាស់លាស់​បំផុត ក៏ដូច​ជា​ប្រតិបត្តិការ​ប្រឆាំង​នាវាមុជទឹក រួមទាំងការប្រយុទ្ធ​តាមផ្លូវ​អាកាស»។

គួរបញ្ជាក់ថា​ចិនកំពុងបណ្តាក់ទុន​វិនិយោគ​ថវិការាប់ពាន់​លានដុល្លារ ដើម្បីបង្កើន​ការធ្វើទំនើបកម្ម​ទៅលើបរិក្ខា​យោធា​ចាស់ៗ និងអភិវឌ្ឍន៍​​សព្វាវុធថ្មីៗ ដែលរួមមាន​ទាំងយន្តហោះ​ចម្បាំង​បំបាំងកាយ​ និងនាវាផ្ទុក​យន្តហោះ​ចម្បាំងផងដែរ ហើយ​ប្រទេសអាស៊ី​ខាងកើតមួយនេះ​​បានចាប់ផ្តើមការសិក្សា​ស្រាវជ្រាវ​​ខ្លាំងទៅលើ​យន្តហោះ Drone របស់យោធា ដោយសង្ឃឹមថា​នឹងអាចទាញ​យកចំណែកទីផ្សារ​បានពី​​សហរដ្ឋអាមេរិក និងអ៊ីស្រាលអែល តាមរយៈបច្ចេកវិទ្យា​ធូរថ្លៃ​ និងឆន្ទៈក្នុង​ការលក់ទៅ​​ឲ្យ​បណ្តា​ប្រទេស​នានា ដែលប្រទេស​លោកខាង​លិចមាន​ការស្ទាក់ស្ទើរ​ក្នុងការធ្វើជំនួញ​សព្វាវុធ​ជាមួយនោះ៕