(កង់បេរ៉ា)៖ ស្ដូបគោរព​វិញ្ញាណក្ខន្ធ​ជាអចិន្រ្តៃយ៍​ដល់ជនរងគ្រោះ​ទំាង ២៣៩នាក់ ដែលបាន​បាត់ខ្លួនទៅ​ជាមួយ​យន្ដហោះ​ MH370​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ នឹងត្រូវកសាង​ឡើងនៅក្នុង​ទីក្រុង Perth ប្រទេស​អូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ​ តាមដែលអាច​ធ្វើទៅបាន។ នេះបើតាមរដ្ឋមន្ត្រី​ដឹកជញ្ជូន​អូស្ត្រាលី លោក Darren Chester ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

​ថ្លែងនៅក្នុងបទអាត្ថាធិប្បាយមួយ ​ចេញផ្សាយ​នៅ​ថ្ងៃពុធសប្តាហ៍ លោក Chester បាន​និយាយថា «ការសាងសង់​ស្ដូបគោរពវិញ្ញាណក្ខន្ធ​នេះ​ អាចនឹង​ជួយបន្ធូរ​បន្ថយភាពឈឺចាប់​សម្រាប់គ្រួសារ​សាច់ញាតិជនរង​គ្រោះ។ ក៏ប៉ុន្តែវា​ក៏មានសារៈសំខាន់​ផងដែរ​ ចំពោះយើង​ទំាងអស់គ្នាជួបជុំគ្នា​សម្ដែង​ការគោរព​ដល់អ្នក ដែលបាន​ស្លាប់ ហើយយើង​ក៏សង្ឃឹម​ទៀតថា យើងអាចនឹង​ទម្លាយភាព​ទាល់ច្រក ត្រឡប់ទៅ​កាន់ប្រតិបត្តិការ​ស្វែងរកវិញ ដើម្បីកំណត់​ទីតាំងធ្លាក់របស់ MH370»។   

គួរបញ្ជាក់ថា​យន្ដហោះ MH370 បានបាត់ខ្លួន​ដោយអាថ៌កំបាំង​កាលពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​មនុស្ស ២៣៩នាក់ ភាគច្រើន​ជាជនជាតិចិន​ក្នុងផ្លូវហោះហើរ​ពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង។ ដោយឡែក​កាលពី​ខែមករា​កន្លងទៅ អាជ្ញាធរ​ម៉ាឡេស៊ី ចិន និងអូស្ត្រាលី​បានសម្រេចចិត្ត​ផ្អាកការ​តាមរក MH370 បន្ទាប់ពី​គ្មានបំណែក និងព័ត៌មាន​ពាក់ព័ន្ធនឹង MH370 ត្រូវបានគេ​រកឃើញ។ ទោះបី​យ៉ាងជាណា​ក្រុមគ្រួសារសាច់​ញាតិជនរង គ្រោះ​បានជំទាស់​យ៉ាងខ្លាំង​នឹងការសម្រេច​ចិត្តបែបនេះ ក៏ដូចជា​អំពាវនាវ​ឱ្យអាជ្ញាធរ​នៃប្រទេស​ទំាងបី ធ្វើប្រតិបត្តិការ​តាមរក​ឡើងវិញ៕