(វ៉ាស៊ីនតោន)៖ ចំនួនជនអន្តោប្រវេសន៍​​ម៉ិចស៊ីកូ ចូលមកកាន់សហរដ្ឋអាមេរិកបានថយចុះ៤០ភាគរយ គិតចាប់ពីខែមករា​មកទល់ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាម​សម្តីរបស់​លោក John Kelly រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខមាតុភូមិ ដែលត្រូវបាន​​ដកស្រង់ដោយ​​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

យោងតាម​លោក John Kelly អត្រាថយ​ចុះនេះ​បានកើតមានឡើង​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ស្បថ​ឡើង​​កាន់​តំណែង​​ជា​​​ផ្លូវ​ការ​​កាល​ពី​​ថ្ងៃ​ទី២០ ខែមករា ជាមួយការ​ប្តេជ្ញាថា​ នឹងបណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ប្រមាណ ១១លាននាក់ចេញពី​​សហរដ្ឋ​អាមេរិក។ លំហូរ​នៃ​​ជន​អន្តោប្រវេសន៍​លួចឆ្លងដែន​ដោយ​ខុសច្បាប់ ដោយវាស់ស្ទង់​តាមរយៈការ​ឃាត់ខ្លួន​ និងរារាំង​នៃបុគ្គល​​ដែល​គ្មាន​​ការ​អនុញ្ញាត​​​​ត្រឹម​ត្រូវ​​​នៅ​​តាម​ព្រំប្រទល់​ភាគខាងត្បូង បានធ្លាក់ចុះ​មកនៅត្រឹម​១៨,៧៦២នាក់​នាខែកុម្ភៈកន្លង​ទៅពី ​៣១,៥៧៨​នាក់​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧​នេះ។

គួរបញ្ជាក់ថា​កាលពី​ថ្ងៃទី២៥ ខែមករា​លោក ដូណាល់ ត្រាំ បានបញ្ជា​ឲ្យមាន​ការសាងសង់​ជញ្ជាំង​នៅតាមព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ដែល​មានប្រវែង​ប្រហែល​ ៣,២០០គីឡូម៉ែត្រ និងបានចាត់​វិធានការ​ដើម្បីដកហូត​ថវិកាជំនួយ​សហព័ន្ធ​ពីបណ្តារដ្ឋ​ និងទីក្រុង​ដែល​ទទួលឲ្យជន​អន្តោប្រវេសន៍​ខុសច្បាប់​ជ្រកកោន ហើយថែមទាំង​បានបង្កើន​កម្លាំង​នៃភ្នាក់ងារ​អន្តោប្រវេសន៍​អាមេរិក​ទៀតផង៕