(សេអ៊ូល)៖ កូនប្រុស​របស់លោក គីម ជុងណាំ បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹង​ក្លាយជា​គោលដៅ​បន្ទាប់នៃការលួចធ្វើឃាត ដែលនេះ​វាស្របទៅតាមពាក្យស្លោកដែលថា «ជីកស្មៅត្រូវជីកទាំងឬស» នោះឯង។ នេះបើតាម​អះអាងថាដោយអតីតមន្ត្រី​ទូតកូរ៉េខាងជើង​លោក ថេ យ៉ុងហូ ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

ការកត់សម្គាល់​បែបនេះរ​បស់លោក ថេ យ៉ុងហូ ធ្វើឡើង​បន្ទាប់ពីបុរសវ័យក្មេង​ម្នាក់ឈ្មោះគីម ហាន់សូល បានអះអាង​នៅក្នុងវីដេអូមួយ​បង្ហោះលើ Youtube ថាខ្លួន​ជាកូនប្រុស​លោក គីម ជុងណាំ។ លោក ថេ បានថ្លែងនៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ជប៉ុន ​ក្នុងទីក្រុង​សេអ៊ូលយ៉ាងដូច្នេះថា «នៅពីក្រោយ​អំពើ​ឃាតកម្ម គឺលោក គីម ជុងអ៊ុន ចង់ពង្រឹង​អំណាច​ស្របច្បាប់​ក្នុងនាមជា​មេដឹកនាំ​នៅក្នុង​បរិបទ​ដែលលោក​ផ្ទាល់​យល់ថា បងប្រុសម្ដាយ​ទីទៃ​របស់ខ្លួនគឺ​​លោក គីម ជុងណាំ​ ជាឧបសគ្គ​ដ៏ធំនៅ​ថ្ងៃក្រោយ អាចនឹង​រារាំងដល់​ការកាន់​អំណាចយូរអង្វែង​នៅក្នុងសង្គម​កូរ៉េខាងជើង ដោយហេតុថា​លោក គីម ជុងណាំ ធ្លាប់បាន​ផ្ដល់កិច្ចសម្ភាសន៍​ជាច្រើនឱ្យ​បណ្ដាប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដែលនេះ​អាចជាផ្នែកមួយ​នៃការធ្វើបទបង្ហាញ​ណែនំាខ្លួន​ ឱ្យប្រជាជន​កូរ៉េខាងជើង​ស្គាល់រូបលោក។ ម្យ៉ាងវិញទៀត​ដើម្បីរក្សា​អំណាច លោក គីម ជុងអ៊ុន ក៏នឹងមិនលើកលែង​ឱ្យក្មួយឈ្មោះ គីម ហាន់សូល នោះដែរ (អាយុ២២ឆ្នាំ ជាកូនប្រុស លោក គីម ជុងណាំ) ពោល​គឺរូបគេអាចនឹងក្លាយជាគោលដៅ​ធ្វើឃាតបន្ទាប់»

គួរបញ្ជាក់ថា​បើតាមសម្តីលោក ថេ យ៉ុងហូ ដែលកំពុង​រស់នៅជ្រកកោន​នៅកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន គឺជាអ្នកនៅ​ពីក្រោយ​ការសម្លាប់លោក គីម ជុងណាំ។ ក៏ប៉ុន្តែខណៈស្ថានភាព​នៅឧបទ្វីបកូរ៉េ​កំពុងតានតឹង លោក​ក៏បានបញ្ជាក់​ដែរថា បើសិនជា​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន​ប្រកាសសង្រ្គាម​ជាមួយ កូរ៉េខាងជើង​នោះ​ចិនអាចនឹងចូល​ជួយទីក្រុង​ព្យុងយ៉ាង ដូចដែល​មហាយក្សនោះធ្លាប់បាន​ធ្វើនៅអំឡុង​សម័យសង្រ្គាម​កូរ៉េ (១៩៥០-១៩៥៣)៕

លោក គីម ជុងអ៊ុន និង កូនប្រុស លោក គីម ជុងណាំ