(ស៊ីដនី)៖ បុរសអូស្ត្រាលី​មា្នក់​ឈ្មោះ Gordon Douglas Chalmers បានរងការចោទប្រកាន់​​ពីបទ​រំលោភបំពានផ្លូវភេទលើកុមារ​ ៩៣១នាក់ បន្ទាប់ពី​រូបគេ​បានបន្លំខ្លួន​ធ្វើជាតារា​ចមៀង Justin Bieber ដោយបង្គាប់​​ឱ្យកុមារ​រងគ្រោះ​ទំាងនេះ​ផ្ញើរូបភាពអាសអាភាសមកខ្លួននៅលើបណ្ដាញអ៊ីនធើណែត។ នេះបើតាម​សម្តីអាជ្ញាធរ​អូស្ត្រាលី ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

បុរសខាងលើ​ក៏ត្រូវបាន​ចោទប្រកាន់​ផងដែរ ពីបទឧក្រិដ្ឋផ្លូវភេទ​លើកុមារ​ក្នុងនោះរួមមាន​​ទំាងការធ្វើ​អាជីវកម្មផ្លូវភេទ​កុមារ​នៅលើបណ្ដាញ​អ៊ីនធើណែត។ ជាងនេះទៅ​ទៀត​ក្រោយពេល​ដែលប៉ូលិស​អូស្ត្រាលីបាន​ធ្វើការស៊ើបអង្កេត​លើកំព្យូទ័រ​របស់បុរស​រូបនេះ ពួកគេបាន​សម្រេច​ចិត្តចោទ​ប្រកាន់ បុរសនេះ​ចំនួន​៩៣១ករណី​នៅក្នុងសប្ដាហ៍នេះ ពីបទផលិត​សម្ភារៈសិច​សម្រាប់កុមារ រំលោភបំពាន​ផ្លូវភេទ និងបទល្មើស​ជាច្រើនទៀត។

គួរបញ្ជាក់ថា​បើតាមមន្ត្រីប៉ូលិសអូស្ត្រាលី បុរសជាជន​ជាប់ចោទ​ខាងលើបានប្រើប្រាស់​បណ្ដាញទំនាក់ទំនង​សង្គមដូចជា Facebook និង Skype ដើម្បី ទំនាក់ទំនង​ជាមួយកុមារ​រងគ្រោះ ហើយម្យ៉ាងវិញ​បុរសមានអាយុ​៤២ឆ្នាំ​រូបនេះ​មកពីរដ្ឋ Queensland ក៏ធ្លាប់មានប្រវត្តិប្រព្រឹត្ត​បទល្មើស​រំលោភបំពាន​ផ្លូវភេទម្តងរួចទៅហើយដែរ​កាលពី​ឆ្នាំ២០០៧៕