(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិក​​ប្រចាំនៅអង្គការ​សហប្រជាជាតិ បានប្រកាស​ច្រានចោលនូវ​ការលើកឡើងថា​អន្តរជាតិ​គួរតែបង្កើតកិច្ចច​រចាដោយបើកចំហរ​ជាមួយកូរ៉េខាងជើង ដើម្បីរំដោះ​ភាពតានតឹង​នៅក្នុងតំបន់​ ដោយអះអាងថា​មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន មិនមែនជា​មនុស្សមានហេតុផល​​ដែលយើង​ត្រូវ​ទៅអង្គុយពិភាក្សា​ជាមួយនោះឡើយ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

អគ្គរដ្ឋទូត​អាមេរិក​លោកស្រី Nikki Haley អះអាងដូចខាង​លើនេះ ក៏ជាការឆ្លើយតបផងដែរ​ទៅនឹងការ​លើកឡើង​របស់រដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង យីង ដែលបានប្រាប់​ឲ្យទីក្រុងព្យុងយ៉ាង​បញ្ឈប់ការ​បាញ់គ្រាប់​មីស៊ីល-នុយក្លេអ៊ែរ និងទាមទារ​ឲ្យអាមេរិក-កូរ៉េខាងត្បូង​បញ្ឈប់សមយុទ្ធ​យោធាប្រចាំ​ឆ្នាំដ៏ធំ​ដែលគ្រោង​នឹង​បញ្ចប់នៅខែមេសា​នោះដែរ។ លោកស្រីបាន​អះអាងថា «ពេលនេះ​សហរដ្ឋអាមេរិក​​កំពុង​តែពិនិត្យមើល​ចំពោះជំរើស​​ដែលមាននៅលើតុ​ទាំងអស់»។

លោកស្រី Nikki បញ្ជាក់យ៉ាង​ដូច្នេះ​ទៀតថា «ខ្ញុំសូមកោតសរសើរ​ចំពោះសមភាគី​ខ្ញុំទាំងអស់​​ដែលចង់ឲ្យ​មានកិច្ច​ពិភាក្សា និងចរចាគ្នា​កើតឡើង ប៉ុន្តែយើង​មិនអាចដោះស្រាយ​អ្វីជាមួយ​មនុស្សឥតហេតុផល​នោះ​ឡើយ។ ប្រសិនបើនោះ​ជាប្រទេស​ផ្សេងវិញ យើងប្រាកដជា​អាចនិយាយអំពី​រឿងនេះ ហើយវានឹង​មិនអាច​ជាបញ្ហា​នោះឡើយ។ នោះមិនមែន​ជាមនុស្សមាន​ហេតុផល ដែលអាចធ្វើ​សកម្មភាពណាមួយ​​ដែល​ប្រកប​ដោយហេតុផល​នោះឡើយ ហើយរូបគេ (លោក គីម ជុងអ៊ុន) ក៏មិនអាច​គិតជ្រៅជ្រះ​ដែរ»

គួរបញ្ជាក់ថា​ប្រទេសកូរ៉េខាងជើង​បានធ្វើតេស្ត​គ្រាប់មីស៊ីល​ចំនួន ០៤គ្រាប់​កាលពីថ្ងៃ​ព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ដើមសប្តាហ៍​នេះ ស្របពេលដែល​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​កំពុងធ្វើសមយុទ្ធ​យោធារួមគ្នា​ដ៏ធំប្រចាំ​ឆ្នាំ។ ការបាញ់​មីស៊ីលនេះ​បានបង្កជា​ការព្រួយបារម្ភ​ពីសំណាក់ប្រទេស​ទាំងអស់​ព័ទ្ធជុំវិញ​កូរ៉េខាងជើង ហើយជាហេតុ​ដែលជម្រុញឲ្យ​អាមេរិក និងកូរ៉េខាងត្បូង​សម្រេចជម្រុញ​ល្បឿនបំពាក់​ប្រព័ន្ធ​ការពារ​គ្រាប់មីស៊ីល THAAD ដែលកំពុង​បង្កការខឹងសម្បារ​យ៉ាងខ្លាំងពី​ប្រទេសចិន៕