(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ មានការព្រួយ​បារម្ភជាខ្លំាង​ចំពោះការលេច​ធ្លាយឯកសារ​សម្ងាត់​ដែលត្រូវចុះផ្សាយ​ដោយ Wikileaks​​ ហើយបើសិន​ជាព័ត៌មាននេះ​គឺជាការពិត​ ឬត្រូវបាន​ទទួល​ស្គាល់ នោះអ្នកធ្វើ​ឱ្យបែកធ្លាយឯកសារ​សម្ងាត់រដ្ឋ​ នឹងត្រូវប្រឈមមុខ​តាមផ្លូវច្បាប់ ។ នេះបើតាម​អ្នកនាំពាក្យ​សេតវិមាន លោក សន ស្ពៃសឺ (Sean Spicer) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។​

លោក សន ស្ពៃសឺ នៅចំពោះ​អ្នក​សារព័ត៌មាន​បានលើកឡើង​ដូច្នេះថា «គាត់ (លោក ត្រាំ)» ពិតជាមាន​ការព្រួយបារម្ភ​ក្រៃលែង​ពាក់ព័ន្ធនឹងព័ត៌មាន ស្ដីពីការលេចធ្លាយ​ឯកសម្ងាត់ ដែលអាចនឹង​ធ្វើឱ្យប៉ះពាល់ដល់​សន្តិសុខជាតិ​របស់យើង បើសិនវាជាការពិត បើទោះជាយើង​មិនទាន់អាចអះអាងឬ ទទួលស្គាល់ភ្លាមៗ​ក៏ដោយ។ ដូច្នេះវា​ប្រាកដ​ណាស់ លោក​ប្រធានាធិបតី​ក៏បាននិយាយរួចហើយ​ដែរថា អ្នកដែលជាប់​ពាក់ព័ន្ធនឹងការ​ធ្វើឱ្យបែកធ្លាយ ឯកសារសម្ងាត់​រដ្ឋនឹងត្រូវទទួលទោស​តាមផ្លូវច្បាប់​ជាធរមាន»

គួរបញ្ជាក់ថា​កាលពី​ថ្ងៃអង្គារ គេហទំព័រ Wikilleaks បានទម្លាយឯកសារសម្ងាត់ ក្រោមលេខកូដ Vault 7 ដោយក្នុងនោះ​ផ្នែកទីមួយ​ហៅថា Year Zero មានឯកសារ​ជាង ៨,៧៦១ច្បាប់​ដែលនិយាយ​ពីសមត្ថភាព Hack របស់ CIA ហើយនៅក្នុង​ចំណោមឯកសារ​ទំាងនេះ ក៏មានបញ្ជាក់​ផងដែរ​ថា CIA មាន Server សម្ងាត់ចំនួន​០៥ទុកប្រើប្រាស់​សម្រាប់លួចស្ដាប់​កិច្ចសន្ទនា​តាមទូរស័ព្ទ ក៏ដូចជាការ​បង្កើតវីរុស​ដើម្បី Hack លើទូរសព្ទដៃ កុំព្យូទ័រយួរដៃ រថយន្ដទំនើបៗ រួមទាំងផលិតផល​ជាច្រើនរបស់អាមេរិក​ និងអឺរ៉ុបដូចជា Windows, iPhone, Android និងទូរទស្សន៍ Samsung ជាដើម។ ម្យ៉ាងវិញទៀត​បើតាម Wikilleaks ស្ថានកុងស៊ុល​អាមេរិក​ប្រចាំទីក្រុង F​rankfurt ប្រទេសអាល្លឺម៉ង់​គឺមូលដ្ឋានសម្ងាត់​របស់ Hacker CIA​ ដែលធ្វើប្រតិបត្តិការនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក៕