(ឡុងដ៏)៖​ នៅក្នុងក្របខណ្ឌនៃការទម្លាយឯកសារសម្ងាត់ ក្រោមលេខកូដ Vault 7​ ស្ដីពីទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA គេហទំព័រ Wikileaks ជាថ្មី ម្ដងទៀតបានប្រកាសថា CIA មាន Servers សម្ងាត់ចំនួន០៥ សម្រាប់ប្រើប្រាស់ក្នុងការធ្វើចារកម្ម និងលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទ ដោយមានឈ្មោះ PocketPutin ឬហោប៉ាវពូទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

កាលពីថ្ងៃអង្គារ Wikileaks បានចេញផ្សាយឯកសារសម្ងាត់ ក្រោមលេខកូដ Vault 7 ដោយក្នុងនោះផ្នែកទីមួយហៅថា Year Zero មានឯកសារជាង ៨៧៦១ ដែលនិយាយពីសមត្ថភាព Hack របស់CIA។ ជាងនេះទៅទៀត នៅក្នុងចំណោមឯកសារទំាងនេះ ក៏មានបញ្ជាក់ផងដែរថា CIA​ មាន Server ចំនួន០៥​ ទុកប្រើប្រាស់សម្រាប់លួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទ ដែលត្រូវបានដាក់ឈ្មោះថា «Pocket Putin»។

នេះជាជំហ៊ានទីមួយ នៃការទម្លាយឯកសារសម្ងាត់ Year Zero ទើបតែបានមួយភាគរយ​ បានបង្ហាញថា ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA មានសមត្ថភាព Hack ប្រឆាំងនឹងផលិតផលជាច្រើនរបស់អាមេរិក និងអឺរ៉ុប ក្នុងនោះរួមមាន Windows, iPhone, Android និង ទូរទស្សន៍ Samsung ជាដើម។ តែយ៉ាងណាក៏ដោយ CIA មិនទាន់បានចេញមុខបដិសេធ ឬទទួលស្គាល់ការបែកធ្លាយឯកសារសម្ងាត់នេះនៅឡើយទេ៕