(សេអ៊ូល)៖ ប្រព័ន្ធរ៉ាដា​ដ៏មាន​ឥទ្ធិពល X-band ជាផ្នែកស្នូល​ដ៏សំខាន់មួយ​នៃប្រព័ន្ធខែល​ការពារមីស៊ីល​អាមេរិក THAAD ដែលនឹង​ត្រូវចាប់ផ្ដើមដាក់ ពង្រាយលើ​ឧទ្វីបកូរ៉េ នឹងត្រូវបញ្ជូនមកកាន់​កូរ៉េខាងត្បូង​នៅខែមីនា​នេះហើយ។ នេះបើតាម​ប្រភព​ពីមន្ត្រីយោធា​កូរ៉េខាងត្បូង​ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​ថ្លែងប្រាប់​យ៉ុនហាប់ នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ បានឱ្យដឹងថា «ប្រព័ន្ធរ៉ាដា​របស់ THAAD នឹងត្រូវប្រគល់​នៅអំឡុង​ខែនេះ ដើម្បីធ្វើតេស្ដ​នៃប្រតិបត្តិការ រីឯសម្ភារៈចំាបាច់​នៅសល់ អាចនឹង​ត្រូវបញ្ជូន​មកកាន់​កូរ៉ខាងត្បូង​នៅប៉ុន្មានខែខាងមុខទៀតនេះ ពីមូលដ្ឋានទ័ពអាកាសអាមេរិក​ទៅកាន់តំបន់​ស៊ឹងជូ (Seongju) ស្ថិតនៅចំងាយ​៣០០គីឡូម៉ែត្រ​ពីភាគខាងត្បូង​ទីក្រុងសេអ៊ូល។ ក៏ប៉ុន្តែ​បើ​​តាមប្រភពមួយ​ចំនួនដែលយ៉ុនហាប់​ទទួលបាន​កាលពី​ថ្ងៃអង្គារ គំរោងដាក់​ពង្រាយ THAAD អាចនឹង​ត្រូវបញ្ចប់​ទាំងស្រុង​នៅរយៈពេល​ពីមួយខែ​ទៅពីរខែ ឬអាចនឹងចាប់​ផ្ដើមប្រតិបត្តិការ​របស់វានៅខែមេសា។

គួរបញ្ជាក់ថា THAAD ត្រូវបាន​រចនាឡើងដើម្បី​ស្ទាក់ចាប់​មីស៊ីលរយៈចងាយខ្លី និងមធ្យម ដូចជា Scud និង Rodong ដែលអាចបាញ់​បានក្នុង​រយៈចំងាយ ៣,០០០គីឡូម៉ែត្រ និងរយៈកម្ពស់​ពី៤០ទៅ១៥០គីឡូម៉ែត្រ៕