(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតរង​របស់ប្រទេស​កូរ៉េខាងជើង ដែលបាន​មកសុំជ្រកកោណ​នៅកូរ៉េខាងត្បូង​កាលពីឆ្នាំ​២០១៦ លោក Thae Yong-ho បានលើក​ឡើងថា ការផ្អាកនាំ​ចូលរ៉ែធ្យូងថ្មរបស់កូរ៉េខាងជើង​ពីសំណាក់ប្រទេសចិននោះ គឺមិនបាន​បង្កផលប៉ះពាល់​ធ្ងន់ធ្ងរ​អ្វី​ដល់កូរ៉េខាងជើង​នោះឡើយ ប៉ុន្តែវាបាន​ក្លាយ​ជាការ​​រារាំងមិនឲ្យ​កិច្ចពិភាក្សា​រវាងអាមេរិក និងកូរ៉េខាងជើង​កើតមាន​ឡើងទៅវិញ។ នេះបើ​តាម​ការចេញ​ផ្សាយនៅ​មុន​នេះបន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់ នារសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

កាលពីខែកុម្ភៈ ប្រទេសចិន​បានសម្រេចចិត្ត​អនុវត្តន៍ទណ្ឌកម្ម​ប្រឆាំងកូរ៉េខាងជើង​ជាលើកដំបូង ដោយក្នុង​នោះចិន​បានអះអាងថា​ខ្លួនធ្វើតាមដំណោះស្រាយ​របស់ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ ដោយផ្អាក​ការនាំចូល​រ៉ែធ្យូងថ្ម​ពីកូរ៉េខាងជើង ដើម្បីប្រឆាំង​ទៅនឹងការធ្វើ​តេស្តមីស៊ីល និងគ្រាប់បែក​នុយក្លេអ៊ែរ។ ការសម្រេចចិត្ត​របស់ចិននេះ នឹងត្រូវផុត​កំណត់រហូតដល់​ដំណាច់​ឆ្នាំ២០១៧នេះ។

ជុំវិញបញ្ហានេះ​ដែរលោក Thae Yong-ho បានលើកឡើង​យ៉ាងដូច្នេះ​ថា «ការផ្អាកការ​នាំចូលជា​បណ្តោះ​អាសន្ន​របស់ចិននោះ មិនមែន​ជាដំណោះស្រាយ​អ្វីនាំឲ្យស្កៀប​កូរ៉េខាងជើង​នោះឡើយ។ ជាងនេះ​ទៅទៀត​វាគឺជាការប្រាប់​ទីក្រុងព្យុងយ៉ាង​ឲ្យច្បាស់អំពី​អ្វីដែលខ្លួនត្រូវធ្វើ ដើម្បីផលប្រយោជន៍​នៃនយោបាយ​ការទូត​ថ្នាក់តំបន់​របស់ប្រទេសចិន​ទៅវិញទេ។» មន្ត្រីទូត​ជំនាញរូបនេះ​បានបន្ថែមថា ប្រទេសចិន​ហាក់កំពុងតែ​អូសទាញ​កូរ៉េខាងជើង​មកវិញ ដើម្បីកុំឲ្យ​មានឱកាសក្នុងការ​បង្កើតពិភាក្សាជា​មួយអាមេរិក ដូចដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតី​ធ្លាប់លើកឡើងថា ចង់មាន​កិច្ចពិភាក្សា​ដោះស្រាយ​បញ្ហាតទល់​មុខគ្នាជាមួយមេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុងអ៊ុន កន្លងមកនោះ៕