(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃពុធនេះ​ហាក់ដូចជា​បានបន្ទន់​ឥរិយាបថ និងបន្ថយ​សំឡេងរិះគន់លើកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពី​រដ្ឋាភិបាល​របស់លោក​ចោទប្រកាន់ថា​ ទីក្រុង​ព្យុងយ៉ាង​បានចាត់ទុក​ប្រជាជន​ម៉ាឡេស៊ី ជាចំណាប់ខ្មាំង​ដោយហាមឃាត់​ពួកគេមិនឱ្យ​ចាកចេញ ពីប្រទេស​នៅក្នុងបរិបទ​ដែលប្រទេស​ទំាងពីរ​កំពុងមាន​ជម្លោះការទូត​នឹងគ្នា​ ដោយសារ​តែអំពើ​ឃាតកម្មលើ​លោក គីម ជុងណាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

ជម្លោះការទូត​រវាងប្រទេស​ទំាងពីរ បានឈានដល់​ការចាត់វិធាន​ការ​សងសឹក​ដាក់គ្នាទៅវិញ​ទៅមក ក្នុងនោះរួម​មានទំាងការ​បណ្ដេញអគ្គរដ្ឋទូត និងការ ហាមឃាត់​ប្រជាជនមិនឱ្យ​ចាកចេញ​ប្រទេសរៀងៗ​ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ​ដើម្បីធានា​សុវត្ថិភាព ជនជាតិម៉ាឡេស៊ី​ទំាង១១នាក់ ដែលកំពុង ជាប់គាំងនៅ​កូរ៉េខាងជើង លោក ណាជីប រ៉ាហ្សាក់ នៅចំពោះ​មុខ​សភាជាតិបាននិយាយថា​ លោកគ្មាន​គំរោងការ​ផ្ដាច់ទំនាក់ទំនង​ការទូតជា​មួយទីក្រុងព្យុងយ៉ាង​នោះឡើយ។

លោក រ៉ាហ្សាក់ បានថ្លែង​យ៉ាងដូច្នេះថា «យើងជា​ប្រទេសមួយ​ដែលបាន​បង្ហាញពីមិត្តភាព​ទៅកាន់ពួកគេ​ (កូរ៉េខាងជើង) ហើយយើង​មិន មែនកំពុង​រករឿងឈ្លោះ​ប្រកែកជា​មួយពួកគេ​នោះទេ ក៏ប៉ុន្តែនៅ​ពេលបទឧក្រិដ្ឋ​មួយត្រូវបាន​ប្រព្រឹត្ត ជាពិសេសគឺ​ធាតុគីមីពុល VX ត្រូវបានប្រើប្រាស់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី យើងមាន​កាតព្វកិច្ច​ការពារ ផលប្រយោជន៍​របស់ប្រជាជន​ម៉ាឡេស៊ី»

គួរបញ្ជាក់ថា​កាលពីថ្ងៃអង្គារ លោក ណាជីប បានហៅចំណាត់​ការ​របស់​កូរ៉េខាងជើងថា ជាទង្វើគួរឱ្យ​ស្អប់ខ្ពើម ខណៈអង្គការ​សហប្រជាជាតិ​ក៏បានអំពាវ​នាវផងដែរ​ឱ្យភាគី​ទំាងពីរ រក្សាភាព​ស្ងប់ស្ងាត់ ព្រមទំាងដោះស្រាយ​ការខ្វែងគំនិតគ្នាតាមរយៈការ​អនុវត្តន៍​វិធានការ​ការទូត៕