(កាប៊ុល)៖ ខ្មាន់កាំភ្លើង​​មួយចំនួន​​ដោយរួមបញ្ចូលទាំងម្នាក់ស្លៀកពាក់​ជាវេជ្ជបណ្ឌិត បានបើកការវាយប្រហារ​ទៅ​លើមន្ទីរពេទ្យយោធា​មួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ក្បែរ​ស្ថានទូតអាមេរិក​ប្រចាំនៅ​រដ្ឋធានីកាប៊ុល នៃប្រទេស​អាហ្វហ្គានីស្ថាន​នាថ្ងៃ​ពុធនេះ និងបាន​បាញ់ប្រហារគ្នាជាជាមួយ​កងកម្លាំងសន្តិសុខ​ ដែល​ស្ថិត​នៅ​ក្នុង​អគារមន្ទីរ​ពេទ្យនោះ។ នេះបើតាម​ការអះអាង​របស់​សាក្សី​​ជា​ច្រើន​​រូប ដែលត្រូវ​បានដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

ខណៈពេលនេះ​កងកម្លាំងសន្តិសុខ​ កំពុងតែឡោមព័ទ្ធ​មន្ទីរពេទ្យ​យោធា​ដ៏ធំមួយមាន​ឈ្មោះថា Sardar Mohammad Daud Khan ជាទីដែល​​មានហេតុការណ៍​ផ្ទុះដ៏កក្រើក​មួយត្រូវ​បា​ន​រាយការណ៍។ ជុំវិញ​ហេតុការណ៍​នេះ​បុគ្គលិកមន្ទីរពេទ្យ​ម្នាក់ឈ្មោះ Abdul Qadir បានថ្លែង​​ប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ថា​ ជន​ប្រដាប់​​អាវុធប៉ុន្មាន​រូបដោយមិនបាន​កំណត់ចំនួន​ច្បាស់នោះឡើយ ទំនងជា​បានស្ថិតនៅក្នុង​មន្ទីរពេទ្យ​នេះ។

លោក Qadir បាននិយាយថា​រូបលោកបានឃើញ​ខ្មាន់កាំភ្លើង​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌ស​របស់​គ្រូពេទ្យបានដកកាំ​ភ្លើងរះ AK-47​ រួចហើយ​បើកការបាញ់​ប្រហារ​យ៉ាង​សាហាវ ដែលបាន​បណ្តាលឲ្យ​អ្នកជំងឺម្នាក់​ និងបុគ្គលិក​មន្ទីរពេទ្យ​ម្នាក់បាត់​បង់ជីវិត ប៉ុន្តែសាក្សី​ដដែល​នេះបាន​បញ្ជាក់ដូច្នេះថា រូបលោក​ក៏បានលឺសូរ​សំឡេង​គ្រាប់កាំភ្លើង​បាញ់ចេញ​ពីជ្រុងមួយ​ចំនួនផ្សេង​ទៀត​ផងដែរ។

ជាមួយគ្នានេះ​ដែរយោង​តាមសម្តី​របស់មន្រ្តី​ការពារ​សន្តិសុខ​ម្នាក់ ការវាយប្រហារ​ខាងលើបាន​ចាប់ផ្តើម ជាមួយការ​ផ្ទុះដ៏ខ្លាំងក្លា​មួយនៅ​ផ្នែក​ខាងក្រោយ​នៃមន្ទីរពេទ្យ Sardar Mohammad Daud Khan និងខ្មាន់​កាំភ្លើង​ពីបីទៅប្រាំនាក់​ជាមួយកាំភ្លើង​ស្វ័យប្រវត្តិ​ និងគ្រាប់បែក​បានចូល​ទៅក្នុង​បរិវេណ​នៃមន្ទីរពេទ្យ។ គួរបញ្ជាក់ថា​មន្ទីរពេទ្យ​រងការវាយប្រហារ​នេះ ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពីស្ថានទូត​អាមេរិក​​ ដែល​មាន​ការពារយ៉ាងរឹង​មាំបំផុត​នោះ​ឡើយ៕