(​សេអ៊ូល)៖ ការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហាញថា ប្រទេសកុម្មុយនីស្ដ​ឯកោមួយនេះ អាចមានសមត្ថភាពបាញ់​មីស៊ីល​ផ្លោងរយៈចំងាយ​មធ្យមជាច្រើនគ្រាប់​ក្នុងរយៈពេល​តែមួយ ហើយនេះគឺ​ជាយុទ្ធសាស្ត្រ​វាយប្រហារ ដែលក្រុម​អ្នកជំនាញ​មើលឃើញថា​ អាចទប់ទល់​នឹងប្រព័ន្ធ​ខែលការពារមីស៊ីល​អាមេរិក THAAD។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

តាមរយៈការធ្វើតេស្ដ​មីស៊ីល​ជាច្រើនលើក នារយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ កម្មវិធីមីស៊ីល​កូរ៉េខាងជើង កាន់តែរីកចំរើន​ទៅមុខធ្វើឱ្យជប៉ុន និងកូរ៉េ​ខាងត្បូង​កាន់តែព្រួយបារម្ភ។ ការព្រួយបារម្ភកើនឡើង​រហូតដល់ទីក្រុង​សេអ៊ូល បានព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​ដាក់ពង្រាយ THAAD នៅលើ​ឧបទ្វីបកូរ៉េ បើទោះបីជាចិន​ និងរុស្ស៊ី​ព្រមានចាត់វិធានការ​ចំពោះគំរោង​តម្លើងTHAAD នេះក៏ដោយ។

សម្រាប់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង THAAD មានគោលដៅ​តែមួយគត់នោះ​គឺទប់ទល់នឹង​ការគំរាមកំហែង​ពីមីស៊ីល​កូរ៉េខាងជើង។​ ក៏ប៉ុន្តែយ៉ាង​ក៏ដោយ បើតាមក្រុម​អ្នកជំនាញមួយ​ចំនួន ដូចជាលោក Jeffrey Lewis បើទោះបីជាមានTHAAD ក៏មីស៊ីល​កូរ៉េខាងជើងនៅ​តែអាចបង្កជា​ការគំរាមកំហែង​ដល់កូរ៉េខាងត្បូង និងជប៉ុន​ដដែល ត្បិតនៅពេលនេះ​ទីក្រុងព្យុងយ៉ាង​ទំនងជាបាន ដើរដល់ការ​ធ្វើកំណែប្រែ​បច្ចេកវិទ្យាមីស៊ីលផ្លោង​ប្រភេទ Scud ទៅហើយ។ ជាងនេះទៅទៀត​ដោយសារតែ THAAD របបដឹកនាំ​លោក គីម ជុងអ៊ុន អាច នឹងបង្កើន​ការអភិវឌ្ឍមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ​ទ្វេដង។ «កូរ៉េខាងជើង​អាចនឹង​ផលិតមីស៊ីល​ Scud កាន់តែច្រើន​ដើម្បីទុកបាញ់​កម្ទេច THAAD »។ នេះបើតាមលោក Jeffrey Lewis។

គួរបញ្ជាក់ថា​ក្រៅតែរឿងមីស៊ីល​កូរ៉េខាងជើង ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន​ក៏នឹងត្រូវ​ប្រឈមមុខ​ផងដែរ​ជាមួយចិន និងរុស្ស៊ី ដែលអាច​នឹងចាត់​វិធានការឆ្លើយតប​ទៅនឹង​ការតម្លើង THAAD នៅលើទឹកដី​កូរ៉េខាងត្បូង ខណៈមហាអំណាច​ទំាងបីសុទ្ធ​តែមានបំណង​រក្សាផលប្រយោជន៍​រៀងៗខ្លួន នៃភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់​ឧបទ្វីបកូរ៉េ៕