(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន​នៅថ្ងៃពុធនេះ​បានថ្លែងថា ប្រទេសចិន សហរដ្ឋអាមេរិក ក៏ដូចជា​ប្រទេសរុស្ស៊ី​គួរតែធ្វើការ​សហការគ្នា​ទៅវិញ​ទៅមក​ ហើយព្យាយាម​សម្រេចឲ្យបាន​នូវសមិទ្ធផល​ឈ្នះ-ឈ្នះរវាង​គ្នានិងគ្នា។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន​មួយនៅអំឡុង​កិច្ចប្រជុំក្រៅផ្លូវការ​ នៃសម័យប្រជុំ​សភាជាតិ​នៅទីក្រុង​ប៉េកាំង រដ្ឋមន្រ្តីការបរទេស​​ចិន​លោក Wang Yi បានលើក​ឡើងថា នៅក្នុង​សម័យកាលថ្មី​នេះទំនាក់ទំនង​ចិន-អាមេរិក-រុស្ស៊ី គួរតែមិនមែន​ជាល្បែងយកឈ្នះចាញ់​នឹងគ្នានោះ​​ទេ ហើយប្រទេស​ទាំងបី គួរតែចូលរួមធ្វើការជាមួយគ្នា​ជាជាងប្រឆាំង​គ្នា និងព្យាយាម​ស្វែងរកសមិទ្ធផល​ដែលផ្តល់ប្រយោជន៍​ឲ្យ​​ភាគី​ទាំងបី​ដោយគ្មាន​អ្នកចាញ់ ឬមួយក៏ខាតបង់​ឡើយ។

គួរបញ្ជាក់ថា​​ទំនាក់ទំនងរវាង​ប្រទេសចិន និងអាមេរិក​ហាក់បានប្រសើរ​ឡើងវិញបន្តិច បន្ទាប់ពី​​អាមេរិក​ព្រម​ទទួលស្គាល់​នយោបាយចិន​តែមួយ ប៉ុន្តែវាក៏បានលេច​ឡើងនូវបញ្ហាថ្មីៗបន្ថែមទៀតដែរ នោះគឺការ​បង្កើន​ឥទ្ធិពលរបស់​អាមេរិកនៅ​សមុទ្រចិនខាងត្បូង និងខាងកើត​ព្រមទាំងស្ថានការណ៍​នៅតំបន់​ឧបទ្វីបកូរ៉េ​ដែលហែកចិន និងអាមេរិកចេញពីគ្នា​ដោយសារតែ​ការគាំទ្រសម្ព័ន្ធមិត្ត​រៀងៗខ្លួន។ ដោយឡែក​​ទំនាក់ទំនង​រវាងអាមេរិក និងរុស្ស៊ីហាក់​បន្តស្រពិចស្រពិល​នៅឡើយ ព្រោះប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កំពុងរង់ចាំមើល​ការប្តេជ្ញារបស់រុស្ស៊ីក្នុងការកម្ចាត់ក្រុមភេរវករ ជាថ្នូរនឹងការដកទណ្ឌកម្មពីរុស្ស៊ី៕