(ម៉ាឡេស៊ី)៖ នរណាៗក៏ដឹងដែរថា​ថ្ងៃទី០៨ ខែមីនា គឺជាថ្ងៃទិវា​សិទ្ធិនារីអន្តរជាតិ ប៉ុន្តែថ្ងៃទី០៨ ខែមីនានេះ ក៏ជាថ្ងៃដ៏ឈឺចាប់ និងជូរចត់បំផុតផងដែរ​សម្រាប់ក្រុមគ្រួសារ​សាច់ញាតិ ​នៃអ្នកដំណើរ​ទាំងអស់​ដែល​ជិះនៅលើ​យន្ដហោះ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ ដែលបានបាត់​ដំណឹងដោយ​អាថ៌កំបំាង​កាលពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ដែលគិតមកដល់ពេលវេលា​ដូចគ្នានៅឆ្នាំ២០១៧នេះ មានរយៈពេលបីឆ្នាំ​គត់តែម្តង។

យន្តហោះ MH370 បានបាត់ខ្លួន​ដោយអាថ៌កំបាំង​កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយអ្នក​ដំណើរ​២៣៩នាក់ ភាគច្រើនជា​ជនជាតិចិន ក្នុងដំណើរផ្លូវហោះហើរ​ពីទីក្រុង​គូឡាឡាំពួ ឆ្ពោះទៅកាន់​ទីក្រុងប៉េកាំង។ មកទល់នឹងពេលនេះ​គេពុំទាន់​អាចកំណត់​ឱ្យបាន​ច្បាស់លាស់​ពីមូលហេតុ​បាត់ យន្ដហោះ​នេះ​នៅឡើយទេ បើទោះ​បីជាធ្លាប់​មានព័ត៌មាន​ចុះផ្សាយ​ពីការ រកឃើញ​បំណែកយន្ដហោះ​ជាច្រើន ដែលគេជឿជាក់ថា​ជារបស់ MH370 ក៏ដោយ។

ម្យ៉ាងវិញទៀត​ការសន្និដ្ឋាន​ជាច្រើនបាន​កើតឡើង ដោយក្នុងនោះ​មានទាំង​ការប្លន់​យន្ដហោះ រួចបញ្ជាឲ្យ ធ្លាក់ចូល​ទៅក្នុងទឹក​សមុទ្រ សកម្មភាពភេរវកម្ម កំហុសបច្ចេកទេសគ្រឿងម៉ាស៊ីន ឬពីឡុតហើយដែល​ការសន្និដ្ឋាន​ទំាងនេះ រឹតតែធ្វើឱ្យការបាត់​ខ្លួនរបស់​ MH370 កាន់តែមាន​ភាព​អាថ៌កំបាំង​នៅក្នុងប្រវត្តិសាស្ត្រ​​នៃសោកនាដកម្ម​អាកាសចរណ៍​ស៊ីវិល ខណៈមកទល់​បច្ចុប្បន្ន MH370 នៅតែមិនទាន់​ត្រូវបានរកឃើញ រីឯទីតាំងធ្លាក់ ឬសញ្ញាដែលយន្ដហោះ​នេះ ស្ថិតនៅ​ក៏នៅពុំត្រូវបាន​គេបញ្ជាក់ឱ្យ​ច្បាស់​នោះដែរ។

គួរបញ្ជាក់ថា​កាលពី​ខែមករា​កន្លងទៅ អាជ្ញាធរម៉ាឡេស៊ី ចិន និងអូស្ត្រាលី​បានសម្រេចចិត្តផ្អាក​ការតាមរក MH370 បន្ទាប់ពីគ្មាន​បំណែក និងព័ត៌មាន​ពាក់ព័ន្ធនឹង MH370 ត្រូវបានគេ​រកឃើញ។ ទោះបីយ៉ាង​ជាណា ក្រុមគ្រួសារ​សាច់ញាតិជនរងគ្រោះ​ បានជំទាស់​យ៉ាងខ្លាំង​នឹងការសម្រេច​ចិត្តបែបនេះ ក៏ដូចជាអំពាវនាវ​ឱ្យអាជ្ញាធរ​នៃប្រទេស​ទំាងបី ដំណើរការ​ប្រតិបត្តិការ​តាមរក​ឡើងវិញ។ នេះបើតាមព័ត៌មានដែលចេញផ្សាយ​ដោយ Channel News Asia៕