(ប៉េកាំង)៖ រដ្ឋមន្រ្តីការ​បរទេសចិន​លោក Wang Yi បានលើកឡើង​នៅថ្ងៃពុធនេះ​ថា កូរ៉េខាងជើង​ត្រូវតែ​បញ្ឈប់​​ការ​បាញ់​​មីស៊ីល​​ផ្លោង​ ​និង​​អាវុធ​នុយក្លេអ៊ែរ ហើយ​សហរដ្ឋអាមេរិក​​ និងកូរ៉េខាងត្បូង​ក៏ត្រូវតែបញ្ឈប់​ការធ្វើសមយុទ្ធ​យោធារួមទ្រង់ទ្រាយធំ​​ដូចគ្នាផងដែរ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​សប្តាហ៍នេះ​ កូរ៉េខាងជើង​បានបាញ់​សាកល្បង​​មីស៊ីលផ្លោង​​ចំនួនបួន​​គ្រាប់ ដែលគេ​ជឿជាក់​ថា​​ហោះបាន​ចម្ងាយ​​១,០០០គីឡូម៉ែត្រ ​ហើយក្នុង​​ចំណោម​មីស៊ីល​ទំាងនេះ​មាន​បីគ្រាប់​ធ្លាក់​ចូលក្នុង​តំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ​​ជប៉ុន នៅឯតំបន់​សមុទ្រ​​ខាង​កើត។ តែយ៉ាងណា​ក្តី​ប្រភេទ​មីស៊ីល​មិនទាន់ត្រូ​វ​បានគេ​បញ្ជាក់​ឱ្យច្បាស់​​នៅឡើយទេ ខណៈកងទ័ព​​កូរ៉េខាងត្បូង​​វាយតម្លៃថា មីស៊ីលផ្លោង​​ទំាងបួនគ្រាប់​​នេះ​អាចត្រូវ​បាន​អភិវឌ្ឍន៍ចេញពី​ប្រភេទ​មីស៊ីល​បាញ់ចេញ​ពី​នាវា​មុជទឹក SLBM។

គួរបញ្ជាក់ការធ្វើតេស្តមីស៊ីលខាងលើ​នេះ ទំនងជាត្រូវ​បានធ្វើឡើង​ដើម្បីបង្ហាញ​អំពីកំហឹង​របស់រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ចំពោះ​សមយុទ្ធយោធា​ប្រចាំឆ្នាំដែល​មានទ្រង់ទ្រាយ​ដ៏ធំរវាង​សហរដ្ឋអាមេរិក​ និងកូរ៉េខាងត្បូង ប៉ុន្តែក្រោយមក​សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា វាការត្រៀមខ្លួន​​ដើម្បីវាយប្រហារ​មូលដ្ឋានទ័ព​អាមេរិកនៅ​ប្រទេសជប៉ុន ប្រសិនបើ​មានការគំរាមកំហែង​ណាមួយ​មកលើទីក្រុង​ព្យុងយ៉ាងនោះ៕