(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងជើង​នាពេលថ្មីៗ បានចេញសេចក្តី​បង្គាប់ហាមមិនឲ្យ​ប្រជាជន​របស់ខ្លួន ដែលស្ថិតនៅក្រៅ​ប្រទេស​ (រួមទាំងបេសកកម្មការទូត) ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធើណែតបាននោះ​ឡើយ ដែលនេះគឺ​ជាការព្យាយាមថ្មី​មួយទៀត​ ដើម្បីរារាំងការរីកសាយភាយ​នៃព័ត៌មាន​អំពីការលួច​ធ្វើ​ឃាតលោក គីម ជុងណាំ ដែលត្រូវជា​បងប្រុសម្តាយ​ទីទៃ​របស់លោក គីម ជុងអ៊ុន នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែលស្ថិតនៅ​ក្នុង​កូរ៉េខាង​ជើង​។ នេះ​បើ​​តាម​ការ​ចេញ​ផ្សាយ​​ដោយ​​ទី​ភ្នាក់​ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មាន​ដដែលបាន​ឲ្យដឹងថា កូរ៉េខាងជើង​បានចេញបញ្ជា​ឲ្យបេសកកម្មការទូត​របស់ខ្លួន​នៅបរទេស ធ្វើយ៉ាងណា​ហាមឃាត់ជន​ជាតិ​របស់ខ្លួន​ ដែល​ត្រូវបាន​បញ្ជូនឲ្យទៅធ្វើការ​នៅក្រៅ​ប្រទេស កុំឲ្យប្រើប្រាស់​ប្រព័ន្ធអ៊ីនធើណែត​តាមរយៈទូរស័ព្ទដៃ​របស់ពួកគេ​បាន ជាមួយ​និងការព្រមាន​អំពីការកោះហៅ​ត្រឡប់​មក​កាន់​មាតុភូមិវិញ ព្រមទាំងការទទួល​ពិន័យធ្ងន់ធ្ងរ នៅពេល​ដែលពួកគេមិន​គោរពតាម​​ការសេចក្តី​បង្គាប់នេះ។

កូរ៉េខាងជើង​បានចេញបញ្ជា​ដូច្នេះថា «កុំប្រើប្រាស់អ៊ីនធើណែត កុំផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ហើយការកោះហៅ​និងទណ្ឌកម្មយ៉ាង​ធ្ងន់ធ្ងរ​ នឹងត្រូវធ្វើឡើងបើសិនមានអ្នកហ៊ានបំពានបទបញ្ជា​នេះ»។ គួរបញ្ជាក់ថា​យោងប្រភពព័ត៌មាន​ខាងលើនេះ ការដាក់បំរាម​ហាមឃាត់មិន​​ឲ្យប្រើប្រាស់​ប្រព័ន្ធអ៊ីនធើណែត​នេះ មានជាប់​ពាក់ព័ន្ធនឹង​ការរីករាលដាល​នៃដំណឹងអំពី​ការលួចធ្វើឃាត​លោក គីម ជុងណាំ នៅក្នុង​ប្រទេស​កូរ៉េខាងជើង៕