(គូឡាឡាំពួ)៖ បុរសវ័យក្មេងម្នាក់​បាន​លេចមុខ​​នៅក្នុងវីដូអូមួយ​ ត្រូវបានគេ​បង្ហោះលើ Youtube ដោយអះអាង​ថារូបខ្លួនគឺឈ្មោះ គីម ហាន់សូល កូនប្រុស​របស់​បុរសកូរ៉េខាងជើង​ម្នាក់ ដែលគេ​ជឿជាក់ថា​ជា​លោក គីម ជុងណំា ត្រូវបានគេ​ធ្វើឃាតនៅ​ម៉ាឡេស៊ី​កាលពី​ខែមុន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

វីដេអូមាន​ចំណង​ជើងថា KHS Video មិនដឹងថតតាំង​ពី​ថ្ងៃណាមក​នោះទេ ក៏ប៉ុន្តែវា​ត្រូវបាន​បង្ហោះនៅ​លើគេហទំព័រ Youtube នៃក្រុម​មួយមាន​ឈ្មោះ​ថា Cheollima Civil Defense កាលពីថ្ងៃ​អង្គារ​កន្លងទៅ។ បន្ថែមពីលើនេះ​នៅក្នុងវីដេអូនេះដែរ បុរសខាងលើបាននិយាយថា «ខ្ញុំឈ្មោះ គីម ហាន់ សូល ជនជាតិកូរ៉េខាងជើង និងជាសាច់ញាតិរបស់​លោក គីម ជុងណាំ (...) ឪពុក (លោក គីម ជុងណាំ) របស់ខ្ញុំត្រូវ​បានគេសម្លាប់​កាលពីប៉ុន្មាន​ថ្ងៃមុន។ បច្ចុប្បន្ន​ខ្ញុំកំពុងរស់​នៅជាមួយម្ដាយ​ និងប្អូនស្រី​របស់ខ្ញុំ។ ពួកយើងពិតជា​អរគុណណាស់​សម្រាប់.... និងសង្ឃឹមថា​អ្វីៗនឹងល្អប្រសើរ​ឡើងវិញ»

គួរបញ្ជាក់ថានៅក្នុងវីដេអូរយៈពេលតែ៤០វិនាទី បុរសវ័យក្មេងរូបនេះ ក៏បានបង្ហាញ​ពីលិខិតឆ្លងដែន​របស់ខ្លួនផងដែរ តែព័ត៌មានបញ្ជាក់​ត្រូវបានបំាង​ដោយផ្ទាំង​ពណ៌ខ្មៅ ខណៈ Channel News Asia បានបញ្ជាក់ជា​មួយសកម្មជន​ម្នាក់ឈ្មោះ ដូ ហ៊ីយុន (Do Hee Youn) មកពីអង្គការ​ទទួលបន្ទុក​ជនភៀសខ្លួនកូរ៉េខាងជើង​បានអះអាងថា បុរសនៅ​ក្នុងវីដេអូ​ពិតជា​លោក គីម ហាន់សូល។ ទោះបីជាយ៉ាងណា អាជ្ញាធរ​ម៉ាឡេស៊ី​មិនបានធ្វើអត្ថាធិប្បាយ​អ្វីឡើយ​ ចំពោះ​ការអះអាង​នេះ ដោយគ្រាន់តែ​បញ្ជាក់ថា អាជ្ញាធរ​ម៉ាឡេស៊ី​មានមធ្យោបាយផ្ទាល់​ខ្លួន ដើម្បីទាក់ទង​នឹងគ្រួសារ​លោក គីម។

លោក គីម ជុងណាំ ដែលកូរ៉េខាងត្បូង និងម៉ាឡេស៊ីអះអាងថាជាបងប្រុសរបស់​លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើងនោះ បានទទួលមរណភាព​ដោយសារការបំពុល​សារធាតុ​គីមី VX នៅព្រលាន​យន្តហោះ​អន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ដែលរហូតដល់​ពេលនេះ បានរាលដាល​ទៅជា​សង្គ្រាមការទូត​មិនធ្លាប់​មាន​រវាងម៉ាឡេស៊ី និងកូរ៉េខាងជើង៕