(គូឡាឡាំពួរ)៖ មន្ទីរអន្តោ​ប្រវេសន៍រដ្ឋ Perlang នៃប្រទេស​ម៉ាឡេស៊ី​កំពុងបង្កើន​ការឃ្លាំមើល​នៅ​តាម​បណ្តោយ​​ព្រំដែន​ជាមួយ​ប្រទេស​ថៃដើម្បី​ធានា​ថា​​ ពុំ​មាន​ជនជាតិ​កូរ៉េខាងជើង​ណាម្នាក់អាច​លួចរត់​ចាកចេញ តាមរយៈប្រទេស​ជិតខាងមួយនេះ​បាននោះឡើយ។ នេះ​បើ​តាម​​ការ​ចេញ​​ផ្សាយ​​ដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

លោក Mohd Amir Othman ប្រធានមន្ទីរ​ខាងលើ​បានឲ្យ​ដឹងថា ចំណាត់ការថ្មីនេះ​ត្រូវបានធ្វើឡើង​ដោយអនុឡោម​​ទៅ​តាម​សេចក្តី​ណែ​នាំ​​នា​ថ្ងៃ​អង្គារ​​សប្តាហ៍​នេះ​​ពី​ក្រសួងកិច្ចការ​ផ្ទៃក្នុង។ ព្រមពេលជា​មួយ​គ្នានៅ​ក្នុង​ទីក្រុង Alor Setar មន្ទីរ​អន្តោប្រវេសន៍​រដ្ឋ Kedah កំពុងប្រើ​ប្រាស់​វិធាន​ការដូចគ្នា​នៅតាមព្រំដែន​រដ្ឋមួយនេះ​ជាប់នឹង​ថៃ ហើយ​ប្រធានមន្ទីរ​ដដែលនេះ​បាននិយាយថា​ ចំណាត់ការ​នេះ​ត្រូវអនុវត្តន៍​ភ្លាមៗ​ដើម្បីរឹតបន្តឹង​ការគ្រប់គ្រង​នៅតាម​ព្រំដែន បន្ទាប់ពី​សេចក្តីបង្គាប់​បញ្ជាត្រូវបាន​ដាក់ចេញពី​ថ្នាក់ដឹកនាំ។

ដោយឡែក​ក្នុងរដ្ឋ Johor ដែលស្ថិត​នៅភាគខាងត្បូង​នៃប្រទេស​ម៉ាឡេស៊ី​វិញ មន្ទីរ​អន្តោប្រវេសន៍​ប្រចាំទីនោះ​បានអះអាង​ថា ខ្លួននឹង​ធ្វើ​យ៉ាងណា​ធានាឲ្យបានថា​ មិនមាន​ជនជាតិ​កូរ៉េខាងជើង​ណាម្នាក់ ចាកចេញពី​ម៉ាឡេស៊ី​តាមច្រក​ព្រំដែន​រវាងរដ្ឋ Johor និងប្រទេស​សិង្ហបុរី​​នោះឡើយ ហើយ​លោក Rohaizi Bahari ដែលជា​ប្រធានមន្ទីរនេះ​បានថ្លែងថា​ វិធានការនេះ​នឹងត្រូវ​អនុវត្តន៍​រហូតដល់​ពេលមានការ​សម្រេចចិត្ត​ផ្លាស់ប្តូរ​ពីរដ្ឋាភិបាល។

គួរបញ្ជាក់ថា​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​នៅថ្ងៃអង្គារម្សិលមិញ​នេះ បានដាក់​បំរាមធ្វើដំណើរ​មិនឲ្យជនជាតិ​ម៉ាឡេស៊ី​ទាំងអស់ ​ចាកចេញ​ពី​ប្រទេសកូរ៉េខាងជើង​នោះឡើយ ហើយភ្លាមៗ​ក្រោយមកដើម្បី​ជាការឆ្លើយតប​រដ្ឋាភិបាល​ទីក្រុងគូឡាឡាំពួរ បានដាក់​បំរាមដូចគ្នានេះ​ទៅ​​លើ​​ជន​ជាតិ​កូរ៉េខាងជើង​ដែលស្ថិតនៅ​ម៉ាឡេស៊ី និងបាន​បិទច្រកព្រំដែន​របស់ខ្លួនមិន​ឲ្យប្រជាជន​កូរ៉េខាងជើង​ចាកចេញ៕