(គូឡាឡាំពួរ)៖ ម៉ាឡេស៊ីនឹង​នៅរង់ចាំ​ដើម្បីសាកសួរ​ជនសង្ស័យ​ប៉ុន្មានរូប ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​លើលោក គីម ជុងណាំ ដែល​​ត្រូវ​គេ​ជឿជាក់ថា​កំពុងសំងំ​លាក់ខ្លួនក្នុង​ស្ថានទូតកូរ៉េខាងជើង​នៅរដ្ឋធានី​គូឡាឡាំពួរ ទោះបីជាវា​ត្រូវចំណាយពេល​ដល់ទៅប្រាំឆ្នាំ​ក៏ដោយ។ នេះបើតាមសម្តីធ្ងន់ៗរបស់​មេបញ្ជាការ​ប៉ូលិសម៉ាឡេស៊ី ដែលត្រូវបាន​ដកស្រង់ដោយ​សារព័ត៌មាន Straits Times នៅមុននេះ​បន្តិច​នា​ល្ងាច​ថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

កម្លាំង​ប៉ូលិសម៉ាឡេស៊ី​បានដាក់រនាំង​ហ៊ុមព័ទ្ធជុំវិញ​ស្ថានទូត​កូរ៉េខាងជើង បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​បានប្រកាសថា​នឹងដាក់​បំរាមហាម​មិនឲ្យជនជាតិ​ម៉ាឡេស៊ីទាំងអស់​ចាកចេញពី​ប្រទេស​កូរ៉េខាងជើង​នោះឡើយ ដែលប្រការ​នេះបាន​ជំរុញឲ្យ​មានការ​ចាត់វិធាន​ការក្តៅ​ឆ្លើយតប​តាមរបៀប​ដូចគ្នាភ្លាមៗ​ពីសំណាក់​ទីក្រុងគូឡាឡាំពួរ។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ​មេបញ្ជាការប៉ូលិស​ម៉ាឡេស៊ី​ លោក Khalid Abu Bakar បាន​សង្កត់​ធ្ងន់ថា «យើងនឹងនៅរង់ចាំ​បើទោះ​​បីជា​វាត្រូវចំណាយ​ពេលប្រាំឆ្នាំ​ក៏ដោយ យើងនឹង​បន្តរង់ចាំរហូត​នៅខាងក្រៅនេះ»។ លោក Khalid បានបន្ថែមថា​រូបលោកមាន​ការជឿ​ជាក់ខ្ពស់ថា​ជនសង្ស័យយ៉ាងហោច​ណាស់ចំនួន​បីនាក់ ដែលជាប់ពាក់ព័ន្ធ​ជាមួយករណីឃាតកម្ម​លើលោក គីម ជុងណាំ កំពុងសំងំ​លាក់​​ខ្លួននៅក្នុងអគារ​ស្ថានទូត​កូរ៉េខាងជើង។

គួរបញ្ជាក់ថា​ជាការឆ្លើយតប​ទៅនឹងបំរាម​របស់កូរ៉េខាងជើង ​ឧបនាយក​រដ្ឋមន្ត្រី​​​ម៉ាឡេស៊ីលោក Ahmad Zahid Mamidi បានចេញសេចក្តី​ណែនាំ​មិនឲ្យមន្រ្តីទូតកូរ៉េខាងជើង​ចាកចេញពីប្រទេស​ម៉ាឡេស៊ីឡើយ៕