(ប៉េកាំង)៖ ក្រសួងការ​បរទេសចិនជាថ្មីម្ដងទៀត​ បានសម្ដែង​ការជំទាស់​យ៉ាងខ្លាំងទៅនឹងការ​សម្រេចចិត្ត​ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD នៅលើទឹកដី​កូរ៉េខាងត្បូង ព្រមទំាង​អះអាងដែរថា នឹងចាត់វិធានការ​តឹងរ៉ឹង​ក្នុងការការពារ​សន្តិសុខ​របស់ខ្លួន។ នេះបើតាម​ការចុះផ្សាយ​ដោយ​សារព័ត៌មានចិន GTN ​នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល​បានចាប់​ផ្ដើមដំណើរការ​នីតិវិធី​តម្លើង THAAD ដោយផ្នែក​មួយចំនួន​នៃប្រព័ន្ធ​ការពារមីស៊ីលនេះ បានមក​ដល់មូលដ្ឋាន​ទ័ពអាកាស Osan កាលពី​ថ្ងៃចន្ទ តាមរយៈយន្ដហោះ​យោធា C-17 ហើយព្រមពេល​ជាមួយគ្នាទីក្រុងសេអ៊ូល ក៏នៅតែអះអាងដដែលថា THAAD មានគោលដៅ​តែមួយគត់ គឺប្រឈមមុខ​នឹងការគំរាមកំហែង​ពីសំណាក់មីស៊ីល​ និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក Geng Shuang បានព្រមានថា «ទីក្រុងប៉េកាំង​នឹងចាត់វិធាន​ការតឹងរ៉ឹង និងចាំ​បាច់ជាបន្ត​បន្ទាប់ ដើម្បី​ការពារ​ផលប្រយោជន៍​សន្តិសុខជាតិ​របស់ខ្លួន រីឯសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាអ្នកទទួល​ខុសត្រូវ​ចំពោះផលវិបាក​ទំាងអស់ ​ដែលកើតចេញ​ពីការ​តម្លើង THAAD»។

គួរបញ្ជាក់ថា​តាមការ​គ្រោងទុក THAAD នឹងត្រូវបាន​ដាក់ពង្រាយ​នៅលើទីលាន​វាយកូនហ្គោល​មួយកន្លែង ក្នុងតំបន់ Seongju នៃ ខេត្ត Gyeongsang ខាងជើងស្ថិត​នៅចំងាយ ២៩៦គីឡូម៉ែត្រ​ពីទីក្រុង​សេអ៊ូល ខណៈបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង ការដាក់ពង្រាយ THAAD អាចនឹង​បញ្ចប់ក្នុងរយៈ ពេលពីមួយខែ​ទៅពីរខែ ឬក៏អាចប្រតិបត្តិការ​នៅដើមខែមេសាខាងមុខនេះ៕