(ហ្សាការតា)៖ នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Malcolm Turnbull បានថ្លែងនៅ​ថ្ងៃអង្គារនេះថា​ ប្រទេស​របស់​លោក​បានសំដៅ​សហការឲ្យ​​កាន់តែ​ជិតស្និទ្ធ​ជាងមុន​ជាមួយ​ឥណ្ឌូណេស៊ី ជុំវិញបញ្ហា​សន្តិសុខ​នៅតាមដែន​សមុទ្រ ប៉ុន្តែបាន​បញ្ជាក់អះអាងថា​ ពុំគំរោង​សម្រាប់​ធ្វើការ​ល្បាត​នៅតំបន់​សមុទ្រចិនខាងត្បូង​រួមគ្នានោះ​ឡើយរវាងប្រទេស​ជិតខាង​ទាំងពីរនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងបទសម្ភាសន៍​មួយជាមួយ​សារព័ត៌មាន​អូស្រា្តលី​កាលពី​ខែកុម្ភៈ​កន្លងទៅ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បានឲ្យ​ដឹង​ថា​រូបលោកពិតជា​ចង់ឃើញ​មានការល្បាត​តាមដែន​សមុទ្រ​រួមគ្នា និងបាន​បង្ហាញពី​ចេតនាថា​នឹងលើកយក​គំនិតនេះ​ទៅពិភាក្សាជា​មួយ​លោក Turnbull ប៉ុន្តែលុះត្រាតែ​វាមិនបាន​បញ្ឆេះកំហឹង​នៃភាពតានតឹង​បន្ថែមទៀតជា​មួយ​ប្រទេសចិន។

ដោយឡែក​នាថ្ងៃអង្គារនេះ​ នៅពេល​ដែល​ត្រូវបាន​ចោទសួរ​ដោយ​ក្រុមអ្នក​សារព័ត៌មានថា​ តើភាគី​ឥណ្ឌូណេស៊ី​បានលើកឡើង​ពីចេតនា​ខាង​លើ​នៃការធ្វើ​នាវាចរល្បាតរួមគ្នា​ដែរ​ឬយ៉ាងណានោះ​ លោកនាយក​រដ្ឋមន្រ្តី​អូស្រា្តលី​បានឆ្លើយ​បញ្ជាក់ថា «យើងនឹង​មិនធ្វើសកម្មភាព​ទាំង​​ឡាយណា ដែលអាចដុតរោលភាព​តឹងតែង​​នៅតំបន់​សមុទ្រចិនខាងត្បូង​នោះឡើយ»។ លោក Turbull ដែលកំពុងស្ថិត​នៅក្នុងរដ្ឋធានី​​ហ្សា​ការតា​ដើម្បីចូលរួម​កិច្ចប្រជុំ​កំពូល IORA នោះបាន​ថ្លែងបន្ត​ទៀតថា «ការប្តេជ្ញា​របស់ពួកយើង​គឺផ្តោតទៅលើការ​បង្កើនកិច្ច​សហប្រតិប​ត្តិការ​រវាងគ្នា​និងគ្នាពាក់ព័ន្ធនឹង​សន្តិសុខ​តាមដែន​សមុទ្រ ដូច្នេះយើង​បានពិភាក្សា​ភាគច្រើន​ពីប្រធានបទ​ស្តីពីការ​សហការ​ និងសម្រប​សម្រួល ប៉ុន្តែមិនហួស​ពីនេះនោះ​ឡើយ»។

គួរបញ្ជាក់ថា​ចិនបានទាមទារ​យកតំបន់ស្ទើរតែ​ទាំងស្រុង​នៅសមុទ្រ​ចិនខាងត្បូង ដែលមានទំហំ​ពាណិជ្ជកម្មឆ្លងកាត់​ប្រហែល​ប្រាំពាន់ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក​ជារៀងរាល់​ឆ្នាំ ប៉ុន្តែប្រទេស​ដទៃទៀត​រួមមាន​ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម​ក៏បានទាម​ទារ​ចំណែក​រៀងៗខ្លួន​នៃសមុទ្រ​ដ៏ស្តុកស្តមនេះ​ផងដែរ។ ដោយឡែក​ទោះបីជាឥណ្ឌូណេស៊ី​បានប្រកាន់​ជំហរអព្យាក្រឹត​ក៏ដោយ រដ្ឋាភិបាល​ទីក្រុងហ្សាការតា​មានការមិន​ពេញចិត្ត​ជាខ្លាំង បន្ទាប់ពី​ចិនបាននិយាយថា​ប្រទេសទាំងពីរ​មានការទាមទារ​លើផ្ទៃទឹកជាន់គ្នា ដែលស្ថិតនៅ​ក្បែរ​ប្រជុំកោះ Natuna របស់​ឥណ្ឌូណេស៊ី៕