(គូឡាឡាំពួ)៖ ជនជាតិម៉ាឡេស៊ី១១នាក់​ត្រូវបានអាជ្ញាធរ​កូរ៉េខាងជើង រារាំងមិនឱ្យ​ចាកចេញពី​ប្រទេសកុម្មុយនីស្ដ​ឯកោមួយ​នេះឡើយ នៅឯអាកាស​យានដ្ឋាន​ក្នុងទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​អនុរដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក Reezal Merican Naina Merican ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មាន​ម៉ាឡេស៊ី The Star លោក  Reezal បាននិយាយថា «បច្ចុប្បន្នមិនមាន​ការគំរាមកំហែង​ដល់ជីវិត​ពួកគេ​នោះទេ ក៏ប៉ុន្តែសុវត្ថិភាព របស់ពួកគេ​កំពុងស្ថិតនៅ​ក្រោមការតាមដាន​ដោយអាជ្ញាធរ​កូរ៉េខាងជើង។ ចំណែកឯ​លោក​អគ្គរដ្ឋទូត និងភរិយា​បានត្រឡប់​មកស្រុកកំណើតវិញ​កាលពីជាងពីរសប្ដាហ៍​មុនមកម្លេះ»

គួរបញ្ជាក់ថា​បើតាម The Star ជនជាតិម៉ាឡេស៊ី​ទាំង១១នាក់​ខាងលើ ក្នុងនោះរួមមាន​ទាំងបុគ្គលិក​ទូត០៣នាក់ និងគ្រួសារ​របស់ពួកគេ។ ទីក្រុងព្យុងយ៉ាង ជាការឆ្លើយតប​ទៅនឹងការបណ្ដេញ​អគ្គរដ្ឋទូត​របស់ខ្លួន បានសម្រេចចិត្ត​នៅថ្ងៃអង្គារនេះ ដាក់បម្រាម​មិនឱ្យជនជាតិ​ម៉ាឡេស៊ី​ចាកចេញពី​កូរ៉េខាងជើង ខណៈម៉ាឡេស៊ី​ក៏បានចាត់វិធានការ​បែបនេះ​ផងដែរ៕