(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានថ្កោលទោស​ទង្វើរបស់​ប្រទេស​កូរ៉េខាងជើង​ដែលបាន​ហាម​​ប្រជាជន​ម៉ាឡេស៊ី មិនឲ្យចាកចេញពីប្រទេសកុម្មុយនិស្តមួយនោះ ហើយថែមទាំងបានអំពាវនាវទៀត ឲ្យទីក្រុង​ព្យុងយ៉ាង​ធ្វើការដោះលែង​ប្រជាជនម៉ាឡេស៊ី​ទាំងអស់​ជាបន្ទាន់ ដើម្បីកុំឲ្យអ្វីៗ​គ្រប់យ៉ាង​ប្រែក្លាយកាន់តែ​​អាក្រក់ខ្លាំង​ជាងនេះ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច នារសៀល​ថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាក្រោយ​ទទួលបានព័ត៌មាន នៃដាក់បម្រាមលើប្រជាជន​ម៉ាឡេស៊ីនៅ​កូរ៉េខាងជើងនោះ​ទីបំផុត​រដ្ឋាភិបាលម៉ាឡេស៊ី​បានចេញចំណាត់ការ​ក្តៅភ្លាមៗ ឆ្លើយតបទៅនឹង​បម្រាមដូចគ្នា​របស់ទីក្រុង​ព្យុងយ៉ាងដោយ «ហាមមន្ត្រី​ទូត និងជនជាតិ​កូរ៉េខាងជើង​ទាំង​​អស់​ ចាកចេញពី​ទឹកដីម៉ាឡេស៊ី» ប៉ុន្តែមិនបាន​បញ្ជាក់ច្បាស់ថា​វានឹងត្រូវអូសបន្លាយ​ដល់ពេលណា​នោះឡើយ។

ការប្រកាសខាងលើនេះធ្វើឡើងដោយ ​លោកឧបនាយក​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី Ahmad Zahid Mamidi នៅទីក្រុង​គូឡាឡាំពួរ តែប៉ុន្មានម៉ោងប៉ុណ្ណោះ​បន្ទាប់ពីកូរ៉េខាងជើង​បានចេញ​បម្រាមក្តៅៗមួយ ដោយហាម​ប្រជាជនម៉ាឡេស៊ី​ទាំងអស់ចាកចេញ​ពីប្រទេសកូរ៉េខាងជើង។

សង្គ្រាមការទូត​រវាងកូរ៉េខាងជើង​ និងម៉ាឡេស៊ី​កាន់តែអាក្រក់ខ្លាំងឡើង​ថែមទៀត ដោយ​ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី​ទាំងអស់ ដែលកំពុងស្នាក់​នៅកូរ៉េខាងជើង​ត្រូវបានហាមឃាត់​មិនឲ្យចាកចេញពី​ប្រទេស​កុម្មុយនិស្ត​មួយនេះ​ឡើយ ដែលវាមានន័យថា​ពួកគេទាំងនោះ​ក្លាយជាចំណាប់​ខ្មាំង រហូតដល់​រឿង​ក្តីលោក គីម ជុងណាំ ត្រូវបានដោះស្រាយរួចរាល់ទើប​អាចមានការ​សម្រេច​ជាថ្មី​ពីរ​ដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

សារព័ត៌មានរដ្ឋ KCNA បានដកស្រង់សេចក្តី​ថ្លែងការណ៍របស់​ក្រសួងការបរទេស​កូរ៉េខាងជើង ចេញនៅ​ថ្ងៃអង្គារនេះ​យ៉ាងដូច្នេះថា «ជនជាតិម៉ាឡេស៊ី​ទាំងអស់នៅ​កូរ៉េខាងជើង នឹងត្រូវហាមឃាត់​ជាបណ្តោះ​អាសន្នសម្រាប់​ការធ្វើដំណើរ​ចាកចេញពី​ប្រទេសនេះ រហូតដល់រឿងក្តី​ដែលបានកើតមាន​ឡើង​នៅ​ម៉ាឡេស៊ី​ទាំងអស់ត្រូវ​បានដោះស្រាយ​រួចរាល់»។ មិនត្រឹមតែរឿងក្តី​ពាក់ព័ន្ធនឹងអំពើ​ឃាតកម្មលើលោក គីម ជុងណាំ​ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែល​កូរ៉េខាងជើងចង់​បានថែមទៀតនោះ គឺការដោះស្រាយ​វិវាទការទូតរវាង​ប្រទេសទាំងពីរ​ដែលកំពុងតែក្តៅគគុក​បំផុត៕