(គូឡាឡាំពួ)៖ ជនជាតិកូរ៉េខាងជើង​ពីរនាក់​ ដែលអាជ្ញាធរម៉ាឡេស៊ី​កំពុងតាមរក​ដើម្បីសួរចម្លើយ ពាក់ព័ន្ធនឹង​សំណុំរឿង​ឃាតកម្មលើ​លោក គីម ជុងណាំ កំពុងសម្ងំ​លាក់ខ្លួន​នៅក្នុងស្ថានទូតកូរ៉េខាងជើង​ប្រចំាទីក្រុង​គូឡាឡាំពួ។ នេះបើតាម​មេបញ្ជាការ​ប៉ូលិសម៉ាឡេស៊ី ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន មេបញ្ជាការ​ប៉ូលិស​ម៉ាឡេស៊ី លោក Khalid Abu Bakar បាននិយាយ​ថា «តើពួកគេត្រូវ​ចំណាយពេល​យូរប៉ុណ្ណា ដើម្បីសម្ងំលាក់ខ្លួននៅក្នុងស្ថានទូត? នេះគឺជា​បញ្ហាពេល​វេលា មុននឹង​ពួកគេសម្រេចចិត្ត​ចេញមក​ខាងក្រៅ»។ ជាមួយគ្នានោះដែរ​លោក Khalid បាន​បញ្ជាក់​ឡើងវិញថា អាជ្ញាធរ​កូរ៉េខាងជើង​មិនបានផ្ដល់​កិច្ចសហការ​ជាមួយក្រុមអ្នកស៊ើបអង្កេត​ម៉ាឡេស៊ី​នោះទេ ជុំវិញសំណុំ​រឿងលោក គីម ជុងណាំ ដែលត្រូវ​បានគេ​ធ្វើឃាតដោយ​ប្រើសារធាតុ​គីមីពុល VX នៅឯព្រលាន​យន្ដហោះ​អន្តរជាតិ​ទីក្រុងគូឡាឡាំពួ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ។

គួរបញ្ជាក់ថា​ដោយសារតែ​រឿងឃាតកម្ម​លើបងប្រុស​លោក គីម ជុងអ៊ុន បានធ្វើឱ្យ​ទំនាក់ទំនង​ការទូតរយៈពេល​ជាង ៤៧ឆ្នាំមកនេះ​រវាងម៉ាឡេស៊ី និងកូរ៉េខាងជើង ស្ទើរតែស្ថិតនៅក្នុង​ដំណាក់កាលមួយ​មិនបកក្រោយ​បាន ខណៈភាគី​ទំាងពីរ​បានបណ្ដេញ​អគ្គរដ្ឋទូតចេញ​ពី​ប្រទេសរៀងៗខ្លួន។ ម្យ៉ាងវិញទៀត​រហូតមកទល់នឹង​ពេលនេះ ទីក្រុង​ព្យុងយ៉ាងមិនទាន់ទទួល​ស្គាល់ឡើយទេថា បុរសកូរ៉េខាងជើង​ដែលបានស្លាប់នោះគឺជាលោក គីម ជុងណាំ ហើយ​ថែមទំាង​ចោទប្រកាន់ថាកូរ៉េខាងត្បូង និងម៉ាឡេស៊ី បានផ្សំគំនិតគ្នានៅក្នុង​ការស៊ើបអង្កេត ដើម្បីបង្ខូច​ឈ្មោះ​កូរ៉េខាងជើងទៀតផង៕