(សេអ៊ូល)៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានលើកឡើងនៅ​ថ្ងៃអង្គារនេះថា ការដាក់ទណ្ឌកម្ម​ថ្មីដែលមាន​ប្រសិទ្ធភាព​ខ្លាំងជាង​មុន​ គឺជារឿង​ចាំ​បាច់​​បំផុត​ដើម្បី​​ទប់​ទល់​​នឹង​សកម្មភាព​បង្ករឿង​ឥតស្រាកស្រាន្ត​របស់​កូរ៉េខាងជើង បន្ទាប់ពី​ទីក្រុងព្យុងយ៉ាង​បានបាញ់​សាកល្បង​មីស៊ីល​ផ្លោងចំនួន​បីគ្រាប់​ទៅកាន់សមុទ្រ​ជប៉ុន​នាថ្ងៃចន្ទ​ម្សិលមិញនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ប្រភពព័ត៌មាន​ដដែល​ កូរ៉េខាងត្បូង​នឹងធ្វើការទាក់ទង​យ៉ាងជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក តាមរយៈកិច្ច​ពិភាក្សាដ៏​សំខាន់មួយ ដែលមាន​ការចូលរួមពី​សំណាក់រដ្ឋមន្រ្តី​ការពារជាតិ​ និងមន្រ្តីទូត​ជាច្រើនរូប​ផ្សេងទៀត​របស់ភាគី​ទាំងពីរ។ ម៉្យាងវិញទៀត​រដ្ឋាភិបាលទីក្រុង​​សេអ៊ូល​បានយល់ស្រប​ថា ការដាក់ទណ្ឌ​កម្ម​បន្ថែម​ដែលមានឥទ្ធិពល​ខ្លាំងក្លា​ជាងមុន​ប្រឆាំងនឹង​កូរ៉េខាងជើង​ គឺជា​រឿងដ៏ចាំ​បាច់​​បំផុត ហើយ​កូរ៉េខាងត្បូង​ក៏នៅតែបន្ត​រក្សាការប្រុង​ប្រៀបយ៉ាង​រឹងមាំ ដើម្បីត្រៀម​ទប់ទល់នឹង​សកម្មភាពបង្ក​រឿងផ្សេងៗ​ទៀត​របស់​របបដឹកនាំ​​ទីក្រុងព្យុងយ៉ាង​ផងដែរ។

គួរបញ្ជាក់ថា​សកម្មភាព​បង្ករឿងដោយ​ការបាញ់ធ្វើ​តេស្តមីស៊ីល​នាពេលថ្មីៗនេះ​ របស់ទីក្រុង​ព្យុងយ៉ាង បានបង្កើន​ភាពតានតឹង​យ៉ាងខ្លាំងនៅ​តាម​​បណ្តាប្រទេស​ក្បែរខាង ហើយវាត្រូវ​បានគេមើលឃើញថា​ជាការឆ្លើយតបបែបលក្ខណៈខឹងសម្បា​ររបស់ប្រទេស​កុម្មុយនិស្តដ៏ឯកោមួយ​នេះ ចំពោះ​សមយុទ្ធយោធា​ទ្រង់ទ្រាយ​ធំអាមេរិក-កូរ៉េខាងត្បូង ដែលកំពុង​ប្រព្រឹត្តទៅ និងការបន្ថែម​ល្បឿនរបស់​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ​ ទៅលើ​ការ​​បំពាក់ប្រព័ន្ធ​ខែលការពារ​មីស៊ីល THAAD នៅឧបទ្វីបកូរ៉េ៕