(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ​​ បានសម្រេចចិត្ត​បណ្ដេញ​អគ្គរដ្ឋទូត​ម៉ាឡេស៊ីប្រចាំ​​ទីក្រុងព្យុងយ៉ាង ជាការសងសឹក​ទៅនឹង​ការបណ្ដេញអគ្គរដ្ឋទូត​របស់ខ្លួន ដែលបានរិះគន់​លើការស៊ើប​អង្កេត​នៃអាជ្ញាធរ​ម៉ាឡេស៊ី ជុំវិញសំណុំ​រឿង​ឃាតកម្មលើ លោក គីម ជុងណាំ ខណៈខាងភាគី​ម៉ាឡេស៊ី​ក៏បានទទួលស្គាល់​ការបណ្ដេញ​ចេញនេះដែរ។ នេះបើតាម​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

យោងតាម KCNA ក្រសួងការ​បរទេស​កូរ៉េខាងជើង​បានប្រកាសថា អគ្គរដ្ឋទូត​ម៉ាឡេស៊ី លោក Mohamad Nizan Mohamad គឺជាបុគ្គល​មិនគួរទទួល​ស្វាគមន៍ ព្រមទាំងតម្រូវ​ឱ្យចាកចេញពី​កូរ៉េខាងជើង ក្នុងរយៈ​ពេល៤៨ម៉ោង គិតចាប់តាំងពី​ម៉ោង១០ព្រឹកថ្ងៃអាទិត្យកន្លងទៅ។ ដោយឡែក​ទាក់ទិននឹង​ជម្លោះការទូតនេះ​ដែរ​ថ្លែងប្រាប់ Channel News Asia​ អគ្គលេខាធិការ​រងនៃក្រសួង​ការបរទេស​ម៉ាឡេស៊ី លោក Raja Nurshirwan បានបញ្ជាក់​ដូច្នេះថា « វាគឺជា​ការពិតដែលអគ្គរដ្ឋទូតរបស់យើង ​ត្រូវបាន​គេចាត់ចូល​ជាបុគ្គល​មិនគួរទទួល​ស្វាគមន៍ ហើយនេះ​ជាសកម្មភាព​ឆ្លើយតបដាក់គ្នា​ទៅវិញទៅមក​ជាធម្មតានៅ​ក្នុងវិស័យការទូត។ ក៏ប៉ុន្តែខ្ញុំចង់ ប្រាប់ថា​អគ្គរដ្ឋទូតម៉ាឡេស៊ី​ត្រូវបានកោះហៅ​ត្រឡប់មកវិញ​ដោយរដ្ឋាភិបាល។ បច្ចុប្បន្នរូបគាត់​កំពុងស្ថិត​នៅម៉ាឡេស៊ី ហើយនឹងបន្ត​ស្ថិតក្នុងប្រទេស​មួយរយៈ»។

គួរបញ្ជាក់ថា​សម្រាប់នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំទីក្រុង​គូឡាឡាំពួ លោក កាង ចុល សមតែ​ត្រូវបានបណ្តេញ​ចេញពី​ម៉ាឡេស៊ី សម្រាប់ការ​ចោទប្រកាន់​គ្មានមូលដ្ឋាន​ប្រឆាំងរដ្ឋាភិបាល​ម៉ាឡេស៊ី។ តែទោះបីជាយ៉ាងនេះ​ក្ដី លោក កាង ចុល មុនចាកចេញ​នៅថ្ងៃចន្ទនេះ បានអះអាងថា​ការបណ្ដេញរូបលោក នឹងធ្វើឱ្យប៉ះពាល់ដល់​ទំនាក់ទំនងទ្វេភាគី​រវាងប្រទេស​ទាំងពីរយ៉ាងខ្លាំង៕