(សេអ៊ូល)៖ សារព័ត៌មាន​​រដ្ឋ​កូរ៉េខាងជើង KCNA បានអះអាង​ថា លោក គីម ជុងអ៊ុន គឺជាអ្នកបញ្ជា​ដោយផ្ទាល់​ការបាញ់សាក​ល្បង​​មីស៊ីល​ផ្លោង ចំនួន០៤គ្រាប់​កាលពី​ថ្ងៃចន្ទ ដែលវាជាផ្នែក​មួយនៃការ​ធ្វើសមយុទ្ធ​បាញ់គ្រាប់មីស៊ីល ទុកសម្រាប់​វាយ​ប្រហារ នៅក្នុងករណី​ចាំបាច់ទៅ​លើមូលដ្ឋាន​កងទ័ព​អាមេរិកនៅ​ក្នុង​ប្រទេសជប៉ុន​តែម្តង។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

នៅក្នុង​សេចក្ដី​រាយការណ៍​របស់ខ្លួន KCNA ក៏បានឱ្យ​ដឹងដែរថា ការបាញ់​សាកល្បង​មីស៊ីលផ្លោង ត្រូវបាន​ធ្វើឡើង​ដោយកង​អង្គភាព​កាំភ្លើងធំ Hwasong នៃកងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េខាងជើង ដែលទទួល​បន្ទុកវាយប្រហារ​លើមូលដ្ឋានទ័ព​របស់សត្រូវ​ឈ្លានពាន នោះគឺ​ចក្រពត្តិ​អាមេរិកនៅក្នុង​ប្រទេស​ជប៉ុន។ ជាងនេះ​ទៅទៀត​ការធ្វើសមយុទ្ធ​នេះក៏មានគោល​បំណង​បញ្ជាក់ផងដែរ​ពី​សមត្ថភាព​ធ្វើសង្រ្គាម​នុយក្លេអ៊ែរ និងការបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅលើមីស៊ីល​ផ្លោង​ទាំងនេះ។

គួរបញ្ជាក់ថា​កាលពី​ព្រឹកថ្ងៃចន្ទ កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលផ្លោង​ចំនួនបួន​គ្រាប់ ដែលគេ​ជឿជាក់ថា​ហោះបាន​ចំងាយ១,០០០គីឡូ ម៉ែត្រ​ហើយក្នុង​ចំណោមមីស៊ីល​ទំាងនេះមាន​បីគ្រាប់​ធ្លាក់ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ជប៉ុន នៅឯតំបន់​សមុទ្រខាងកើត។ តែយ៉ាងណា​ក្តីប្រភេទ​មីស៊ីលមិនទាន់ត្រូ​វ​បានគេបញ្ជាក់​ឱ្យច្បាស់​នៅឡើយទេ ខណៈកងទ័ព​កូរ៉េខាងត្បូង​វាយតម្លៃថា មីស៊ីលផ្លោង​ទំាងបួនគ្រាប់​នេះ​អាចត្រូវបានអភិវឌ្ឍន៍ចេញ ចេញពីប្រភេទ​មីស៊ីលបាញ់ចេញ​ពីនាវា​មុជទឹក SLBM៕