(គូឡាឡាំពួរ)៖ ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ដែលត្រូវបានបណ្តេញ​ចេញពី​ប្រទេសម៉ាឡេស៊ី នៅក្នុងជម្លោះ​ដ៏រកាំរកូស​ជុំវិញ​ការ​​ស៊ើប​អង្កេត​​​ទៅ​លើ​ករណីឃាតកម្ម ​របស់បងប្រុសម្តាយ​ទីទៃ​នៃមេដឹកនាំ​កំពូល​កូរ៉េខាងជើង​នោះ នៅថ្ងៃចន្ទនេះ​បានថ្លែងថា​ទង្វើ​​​របស់​​រដ្ឋា​ភិបាល​​​ម៉ាឡេស៊ី​បាន​ធ្វើឲ្យប៉ះពាល់ដល់​ចំណងទាក់ទងទ្វេភាគី​នៃប្រទេស​ទាំងពីរ។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់​ព័ត៌​មាន​ចិន ស៊ិនហួរ នៅ​មុន​នេះ​​បន្តិច​នា​ល្ងាច​ថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

ស្របពេល​ដែលរៀបចំ​ខ្លួនដើម្បី​ធ្វើដំណើរ​ចាកចេញពី​ប្រទេសអាស៊ាន​មួយនេះ នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​លោក កាង ចុល (Kang Chol) បានប្រាប់​ទៅកាន់ក្រុម​អ្នកសារព័ត៌មាន​នៅឯអាកាស​យានដ្ឋាន​អន្តរជាតិ នៃរដ្ឋធានី​គូឡាឡាំពួរថា «ខ្ញុំមានក្តី​ព្រួយបាម្ភយ៉ាង​ជ្រាលជ្រៅ​​ចំពោះវិធានការ​កម្រិតធ្ងន់ៗ​បែបនេះ​ របស់រដ្ឋាភិបាល​ម៉ាឡេស៊ី ដែលកំពុង​ផ្តល់លទ្ធផល​យ៉ាងអាក្រក់​ទៅលើ​ទំនាក់ទំនង​យ៉ាងយូរអង្វែង​ នៃ​ប្រទេសទាំងពីរ»

គួរបញ្ជាក់ថា​កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ ម៉ាឡេស៊ី​បានទុកពេល​វេលាឲ្យលោក កាង​ ចំនួន៤៨ម៉ោង​ ឬពីរថ្ងៃដើម្បីរៀបចំបង្វិចចាកចេញ​ បន្ទាប់ពីមិន​ធ្វើការសូមអភ័យ​ទោស​ចំពោះពាក្យសម្តី​របស់លោក​កាលពីមុននេះ ដែលថាកូរ៉េខាងជើង​មិនអាចជឿទុកចិត្ត​លើការ​ស៊ើប​​អង្កេត​របស់​​អាជ្ញាធរម៉ាឡេស៊ី​បាននោះឡើយ ជុំវិញការស្លាប់​របស់លោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ហើយលោក កាង ចុង បានចោទប្រកាន់​ម៉ាឡេស៊ីថា​បានផ្សំគំនិតជា​មួយកម្លាំងពីខាងក្រៅ​ ដើម្បីបង្ខូច​ភាពស្អាតស្អំ​របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ថែម​ទៀតផង៕