(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានស្ដីបន្ទោស​កូរ៉េខាងជើង​ជាថ្មីម្ដងទៀត​នៅថ្ងៃចន្ទនេះ ខណៈ​រដ្ឋាភិបាល របស់លោក​កំពុងរៀបចំ​បណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង ចេញពី​ប្រទេស បន្ទាប់ពីបាន​រិះគន់លើ​ការងារស៊ើប​អង្កេត​ដោយអាជ្ញាធរ​ម៉ាឡេស៊ី​លើសំណុំ​រឿង​ឃាតកម្ម​លើលោក គីម ជុងណាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

ទីក្រុង​ព្យុងយ៉ាង និងគូឡាឡាំពួរចាប់ផ្ដើម​សង្រ្គាមពាក្យសម្ដី​ដាក់គ្នាទៅវិញ​ទៅមក នៅក្រោយពេល​ដែលអគ្គរដ្ឋទូត​កូរ៉េខាងជើង លោក កាង ចុល បានរិះគន់ យ៉ាងខ្លំាង​ទៅការស៊ើបអង្កេត​របស់អាជ្ញាធរ​ម៉ាឡេស៊ី ថាមិនអាច​ទុកចិត្តបាន​ និងគ្រាន់តែ​ជាការផ្សំគំនិតគ្នាជាមួយ​កូរ៉េខាងត្បូង ដើម្បីបង្ខូច​ឈ្មោះខ្លួនតែ​ប៉ុណ្ណោះ។ ជាងនេះ​ទៅទៀត លោក កាង ចុល មិនបាន​ធ្វើការសូមទោស​ឡើយ​ជាហេតុធ្វើឱ្យ​លោក ណាជីប ចាត់ទុកថា​អគ្គរដ្ឋទូត​រូបនេះ បានប្រើប្រាស់​របៀបការ​ទូត «ឈ្លើយបំផុត» រហូតដល់​រដ្ឋាភិបាលរបស់​លោកកាលពី​ថ្ងៃសៅរ៍ បានសម្រេចចិត្ត​ទុកពេល​៤៨ម៉ោង ឱ្យលោកវេច​បង្វិចចាកចេញ​ពីម៉ាឡេស៊ី ដែលត្រូវម៉ោង៦៖០០ល្ងាចថ្ងៃចន្ទនេះ ។  

លោក ណាជីប បានថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅសភាជាតិ​ដូច្នេះថា «ពួកគេ (កូរ៉េខាងជើង) គួរតែ​សូមទោស។ ក៏ប៉ុន្តែពួកគេ​មិនធ្វើដូចនោះ​ឡើយ ដូច្នេះ​ផ្អែកលើ​គោលការណ៍ យើងបាន​ចាត់ ទុករូប​គាត់ (លោក កាង ចុល) ជាមនុស្ស​មិនគួរទទួល​ស្វាគមន៍ ហើយដែលនេះ​មានន័យថា យើងបានប្ដេជ្ញា​ចិត្តការពារកិត្តិយស​របស់យើង ...គ្មាននរណា​ម្នាក់អាច​បំផ្លាញ ឬរំខានពួក​យើង តាមតែពួក​គេចង់បាន​នោះទេ»

ដោយឡែក​ឆ្លើយតប​ទៅនឹងសំនួរ​ដែលសួរថា តើម៉ាឡេស៊ី​អាចនឹងហៅកោះហៅ​​អគ្គរដ្ឋទូតរបស់ខ្លួន​ប្រចាំ​ទីក្រុងព្យុងយ៉ាង​មកវិញឬទេ? លោក ណាជីប បញ្ជាក់ថា «យើងនឹងបានឃើញ។ យើងអាច​នឹងធ្វើវានៅ​ពេល​ណាមួយ»។ គួរបញ្ជាក់ថា ម៉ាឡេស៊ីនិងកូរ៉េខាងជើង បានភ្ជាប់ទំនាក់ទំនង​ការទូតនឹងគ្នា​ចាប់តាំងពី​ឆ្នាំ១៩៧០​មកម្លេះ ហើយម៉ាឡេស៊ីបានបង្កើតស្ថានទូតនៅកូរ៉េខាងជើងនៅឆ្នាំ២០០៣៕