(កៀវ)៖ រាប់ចាប់ពីថ្ងៃចន្ទនេះ​តទៅ​រដ្ឋាភិបាលអ៊ុយក្រែន​ នឹងសាកល្បង​បញ្ចុះបញ្ចូល​ឱ្យតុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ​) ទទួលស្គាល់ថា រុស្ស៊ីបាន​គាំទ្រដល់​ក្រុមភេរវករ​នៅក្នុងជម្លោះ ជាមួយ​ក្រុមឧទ្ទាមបំបែក​រដ្ឋគាំទ្រ​ដោយ​ទីក្រុងម៉ូស្គូ នៅឯភាគខាងកើតនៃប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងពាក្យ​បណ្ដឹង​របស់ខ្លួន​អ៊ុយក្រែន​បានស្នើ​ដល់ ICJ ចាត់វិធានការ​ជំរុញឱ្យ​ទីក្រុងម៉ូស្គូ​បញ្ឈប់​ការគាំទ្រ​ទំាងឡាយ​រួមមាន​ទាំងហិរញ្ញវត្ថុ អាវុធ និងកងទ័ព​ដល់ក្រុមឧទ្ទាម​បំបែករដ្ឋ ព្រមទាំង​ការជ្រៀតជ្រែត​ ឬពង្រីក​ឥទ្ធិពលនៅ​ក្នុងតំបន់​គ្រីមមៀ។ បន្ថែមពី​លើនេះទីក្រុងកៀវ ក៏បានទាមទារ​ផងដែរនូវ សំណងជួសជុល​ការខូចខាត​ពីរុស្ស៊ី សម្រាប់ការ​គាំទ្រជម្លោះ​អស់រយៈពេល​ជិត​០៣ឆ្នាំ​មកនេះ។ ក៏ប៉ុន្តែរុស្ស៊ី​បានច្រានចោល​ការចោទប្រកាន់​ទាំងនេះ ដោយអះអាងថា​ទីក្រុងកៀវ​ទៅវិញទេ ដែលបានរំខាន​ដល់កិច្ចចរចា​ស្វែងរក​ដំណោះស្រាយ​សន្តិភាព។

គួររំលឹកថាទីក្រុងកៀវបានសម្រេចចិត្ត​ដាក់ពាក្យប្ដឹង​រុស្ស៊ី​ ទៅកាន់តុលាការ​យុត្តិធម៌​អន្តរជាតិកាលពី​ពាក់កណ្ដាល​ខែមករា​កន្លងទៅ ជុំវិញជម្លោះ​នៅភាគ​ខាងកើត ប្រទេសអ៊ុយក្រែន​ដែលបាន​ផ្ដាច់យក​ជីវិតមនុស្ស​ជាង ១០,០០០នាក់ហើយ គិតចាប់​តាំងពីសង្រ្គាម​នេះ​ផ្ទុះឡើង​កាលពី​ខែមេសា ឆ្នាំ២០១៤។ តែទោះបីជា​យ៉ាងណា ក្រុមអ្នកជំនាញ​មួយចំនួន​យល់ថា​ការតទល់គ្នា​តាមផ្លូវតុលាការនេះ នឹងមិនអាច​ជួយអ្វីជាដុំកំភួន​ឡើយ ក្រៅតែ​ពីធ្វើឱ្យជម្លោះ​កាន់តែ​តានតឹង ហើយម្យ៉ាងវិញទៀត​ប្រទេសហ្ស៊កហ្ស៊ី ក៏ធ្លាប់ដាក់​ពាក្យបណ្ដឹង​របៀបនេះប្ដឹង​រុស្ស៊ីផងដែរ ក៏ប៉ុន្តែនៅទី​បំផុតតុលាការ​អន្តរជាតិមួយនេះ បានត្រឹម​សន្និដ្ឋានកាលពី​ឆ្នាំ២០១១ថា​ខ្លួនគ្មាន​យុត្តាធិការ​ទៅវិញ៕