(ប៉េកាំង)៖ ​រដ្ឋមន្រ្តី​នៃ​ក្រសួង​​ហិរញ្ញវត្ថុ​ចិន​​បាន​ធ្វើការ​បញ្ជាក់​​ជា​ផ្លូវការ​​ច្បាស់លាស់​​​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ថវិកាជាតិ​​សម្រាប់​​វិស័យ​​​ការពារ​ជាតិ​​ ​នឹង​​ត្រូវ​បង្កើន​​​បន្ថែម​​​០៧ភាគរយ​​ទៀត​​​នៅក្នុង​​ឆ្នាំនេះ​ ​លើស​ពី​​​ឆ្នាំ២០១៦ ​ដែល​មាន​​​ត្រឹមតែ១៤៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​​​ប៉ុណ្ណោះ ​ខណៈ​​អាមេរិក​​កាល​​ពីឆ្នាំ​​២០១៦ដូចគ្នា ​​មាន​រហូត​ទៅដល់​​​៥៣៤ពាន់​លាន​ដុល្លារ​។ ​នេះ​បើ​តាម​​ការ​ចេញផ្សាយ​​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន​​ស៊ិន​ហួរ ​នា​រសៀល​​​ថ្ងៃ​ចន្ទ ​ទី០៦ ​ខែមីនា ​ឆ្នាំ២០១៧​។​ ​

​ទោះបីជា​មាន​​ការ​បង្ហាញ​គំរោង​​បង្កើន​ថវិកាជាតិ​ ​ក្រោយ​កិច្ចប្រជុំ​សភា​​ប្រចាំឆ្នាំ​​កាលពី​សប្តាហ៍​មុន​​នេះ​ក្តី ​ក៏​​អ្នក​​វិភាគ​មួយចំនួន​​លើកឡើង​ថា ​វា​ជា​ការ​បង្កើន​​ក្នុង​ចំនួន​តិច​​ជាង​ការ​រំពឹង​ទុក ​ដោយ​គេ​​រំពឹង​ថា​​ថវិកាជាតិ​លើ​​វិស័យ​យោធា​​នេះ ​នឹងអាច​កើន​​ឡើង​ខ្លាំង​​ឲ្យ​សមស្រប​​ទៅ​នឹង​អ្វី​ដែល​​ចិន​កំពុងតែ​​ប្រឈមមុខ ​និង​បន្ថយ​​គម្លាត​នៃ​​ថវិកាជាតិ​​លើ​វិស័យ​ការពារ​ជាតិ​ ​ជាមួយ​បណ្តា​​មហា​អំ​ណា​ផ្សេង​ៗ​ទៀត​​ជាពិសេស​​អាមេរិក​​តែម្តង​។​ ​

​គួរ​បញ្ជាក់​ការ​​បង្កើន​ថវិកាជាតិ​​​សម្រាប់​វិស័យ​​​ការពារ​ជាតិ​​របស់​ចិន​ខាង​​លើ​​នេះ ​ត្រូវ​បាន​បង្ហើប​​ឲ្យដឹង​កាលពី​​ចុង​សប្តាហ៍​មុន​នេះ​​​ស្រប​ពេល​​​ដែល​មហា​អំ​ណា​​ច​​​អាមេរិក​ក៏​ទើបនឹង​​បង្ហាញ​​គំរោង​នឹង​​បង្កើន​​ដូចគ្នា​។ ​ជុំវិញ​វិស័យ​​យោធា​ការពារ​ជាតិ​​នេះ ​សហរដ្ឋអាមេរិក​​​ហាក់​​ដូចជា​​​បាន​​និង​​កំពុង​​​បង្ហាញ​​ឥទ្ធិពល​​ខ្លាំងក្លា​​​មក​លើ​​​ប្រទេស​ចិន ​តាម​​រយៈ​​ការ​​​​ប្រកាន់​ជំហរ​​​ប្រឆាំង​ចិន​​ខ្លាំង​​ជាង​មុន​​លើ​បញ្ហា​សមុទ្រ​​ចិន​ខាងត្បូង ​និង​​ការ​​បំពាក់​​​​បង្កូម​​ឲ្យ​​​កូរ៉េ​ខាងត្បូង ​និង​ជប៉ុន​​មាន​សមត្ថភាព​​ទប់ទល់​នឹង​​ចិន​កាន់តែ​ខ្លាំង​​ជាង​មុន​ថែម​​ទៀត៕​