(ឡាហាវ៉ាន)៖ ប្រធានាធិបតី​គុយបា​លោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) បានររិះគន់​យ៉ាងខ្លាំង​ចំពោះ​គោលនយោបាយ​អន្តោប្រវេសន៍ និងពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ខណៈលោក​ ត្រាំ ផ្ទាល់ធ្លាប់បាន​សន្យាថា នឹងពិនិតឡើងវិញ​នូវគោលនយោបាយ​អាមេរិក ចំពោះទីក្រុង​ឡាហាវ៉ាន ដែលបន្សល់ទុក​ដោយរដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងការ​រិះគន់ជា​លើកដំបូង​ដោយផ្ទាល់​លើ​លោក ត្រាំ ចាប់តាំងពី​លោកឡើង​កាន់តំណែងជា​ប្រធានាធិបតី​អាមេរិក លោក កាស្ត្រូ បានហៅ​គោល​នយោបាយ ពាណិជ្ជកម្ម​របស់លោក​ ត្រាំ ថា «មានភាព​អាត្មានិយម» រីឯគំរោង​សាងសង់​ជញ្ជាំង​ព្រំដែនជាមួយ​ម៉ិចស៊ីកូ «គឺជារឿងគ្មានហេតុផល»។ លោក កាស្ត្រូ លើកឡើង​ដូច្នេះ​ថា « គោលនយោបាយ​ថ្មី​រ​បស់រដ្ឋាភិបាល​អាមេរិក បានគំរាម​កំហែងយ៉ាង​ខ្លាំងដល់​សេរីភាពនៃ​ការធ្វើ​ពាណិជ្ជកម្ម និងមានភាព​អាត្មានិយម ដែលនឹង​ជះឥទ្ធិពល អវិជ្ជមាន​ដល់ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់យើង ក៏ដូចជារំលោភ​លើកិច្ច​ព្រមព្រៀង (...) ម្យ៉ាងវិញ​ទៀតអ្នក (លោក ត្រាំ) មិនអាច​ដោះស្រាយ ភាពក្រីក្រ គ្រោះមហន្តរាយ និងជនអន្តោប្រវេសន៍ ដោយការ​សង់ជញ្ជាំងព្រំដែន​នោះទេ ក៏ប៉ុន្តែតាម​រយៈកិច្ច​សហប្រតិបត្តិការ ការយោគយល់ និងសន្តិភាព»

គួរបញ្ជាក់ថា​ការលើកឡើង​របស់​លោក កាស្ត្រូ ធ្វើឡើង​នៅក្នុងកិច្ច​ប្រជុំកំពូល​មួយ​នៃបណ្ដា​មេដឹកនាំ​ឆ្វេងនិយម ប្រព្រឹត្តទៅ​ក្នុងប្រទេស​វេណេស៊ុយអេឡា ចេញផ្សាយ​ដោយទូរទស្សន៍​រដ្ឋគុយបា កាលពី​ថ្ងៃអាទិត្យ។ សហរដ្ឋអាមេរិក និងគុយបា យល់ព្រមស្ដារ​ទំនាក់ទំនង​ការទូតនឹងគ្នា​ឡើងវិញ កាលពី​ខែធ្នូ ឆ្នាំ២០១៤ ក្រោមរដ្ឋបាល​របស់លោក​ អូបាម៉ា៕