(សេអ៊ូល)៖ អតីតមន្ត្រី​ទូតម៉ាឡេស៊ី​មួយរូបបាន​អះអាងថា ប្រទេសរបស់​លោកគួរតែបិទស្ថាន​ទូត​របស់ខ្លួន​ប្រចាំនៅ​ទីក្រុងព្យុងយ៉ាង​ចោលតែម្តង​ទៅ ដើម្បីជាការឆ្លើយ​តបទៅនឹងការ​ពាក់ព័ន្ធ​របស់កូរ៉េខាងជើង​​ទៅលើ​ឃាតកម្មលើ​លោក គីម ជុងណាំ បងប្រុស​របស់មេដឹកនាំ​កំពូលលោក គីម ជុងអ៊ុន ដែលបាន​ប្រព្រឹត្តនៅ​ក្នុងទីក្រុង​គូឡាឡាំពួរ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់ នាព្រឹក​ថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

លោក Dennis Ignatius អតីតមន្ត្រី​ទូតម៉ាឡេស៊ី​បានថ្លែងប្រាប់សារព័ត៌មាន​អាមេរិក​យ៉ាងដូច្នេះថា «បេសកកម្ម​​ការទូត​របស់ម៉ាឡេស៊ី​​នៅទីក្រុង​​ព្យុងយ៉ាង វាស្ទើរតែគ្មាន​​ប្រយោជន៍អ្វីនោះ​ឡើយ​ ដូច្នេះគួរតែ​បិទចោលទៅ ដើម្បីបញ្ជាក់ជាសារច្បាស់ៗទៅកាន់កូរ៉េខាងជើងថា សកម្មភាពដែលខ្លួនបានធ្វើកន្លងមក​នោះពិតជាមិនអាច​ទទួលយកបាន​នោះទេ។ ទំនាក់ទំនង​រវាងប្រទេសទាំងពីរត្រូវបានបំផ្លាញ​ដល់ចំណុច​មួយ​ដែលបានមិនអាចស្តារ​ឡើងវិញ​ទៅហើយ»។ ម៉ាឡេស៊ី​បានភ្ជាប់ទំនាក់ទំនង​ការទូត​ជាផ្លូវការ​ជាមួយទីក្រុង​ព្យុងយ៉ាង កាលពី​ឆ្នាំ១៩៧៣ ហើយបង្កើត​ស្ថានទូតនៅទីនោះ​កាលពីឆ្នាំ២០០៣។

ទោះបីជាបែបនេះ​ក្តី ទំនាក់ទំនង​ប្រទេសទាំងពីរ​បានប្រែជាប្រេះស្រាំ​ខ្លាំងបំផុត​ជុំវិញឃាតកម្ម​លើលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ និងការចោទប្រកាន់​ថា​ កូរ៉េខាងជើង​លួចរកស៊ី​ជួញដូរអាវុធក្នុង​​ប្រទេស​ម៉ាឡេស៊ី។ សង្គ្រាមការទូត​រវាងម៉ាឡេស៊ី និងកូរ៉េខាងជើង ជុំវិញការជាប់​ពាក់ព័ន្ធរបស់​ទីក្រុងព្យុងយ៉ាង​ដែល​ត្រូវបានគេ​ចោទថា ជាអ្នកនៅពីក្រោយ​អំពើឃាតកម្ម​នោះ បានបង្កឲ្យ​រដ្ឋាភិបាលម៉ាឡេស៊ី​ឈឺក្បាល​យ៉ាងខ្លាំង និងបានបណ្តេញ​មន្ត្រីទូតកូរ៉េខាងជើង​ចេញពីប្រទេស​ទៀតផង៕