(មូស៊ូល)៖ អង្គការអន្តរជាតិ​សម្រាប់​ជនភៀស​ខ្លួន (IOM) បានឱ្យដឹងថា​ ចំនួនជនភៀសខ្លួន​កំពុងរត់​គេចចេញ​ពី​ទីក្រុងម៉ូសុលលចេះតែបន្ត​កើនឡើង​ជាបន្តបន្ទាប់ ខណៈកងកម្លំាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ កំពុងមាន​ប្រៀបក្នុង​សង្រ្គាមប្រយុទ្ធ​ប្រឆាំង​ជាមួយក្រុម ISIS  រីឯជនភៀស​ខ្លួនច្រើន​ជាង ២០០,០០០នាក់ ហើយបានរត់គេច​ចេញពី​ទីក្រុងមួយនេះ គិតចាប់តាំងពី​ខែតុលា ឆ្នាំ២០១៦មក ដែលនេះ​អាចនឹងក្លាយ​ជាវិបត្តិមនុស្ស​ជាតិ​ដ៏ធំ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ Russian Today​ អ្នកនាំពាក្យ​អង្គការ IOM បានលើកឡើង​ដូច្នេះថា «មនុស្ស​ប្រមាណ​ ៤៥,០០០នាក់​បានរត់គេច​ចេញពី​ផ្ទះសម្បែង​របស់ពួកគេ​​នារយៈពេល០៩ថ្ងៃ​ចុងក្រោយ​នេះ ហើយចំនួន​នេះ​អាចនឹង​​ប​ន្តកើន​ឡើង​​គួរឱ្យព្រួយ​បារម្ភ ស្របពេល​បណ្ដាអង្គការ​អន្តរជាតិ​ជាច្រើន បាន និងកំពុង​ដុតដៃដុត​ជើងក្នុងការងា​រ​ពង្រីកជំរុំជន​ភៀសខ្លួនដែល​មានស្រាប់ ព្រមទាំងសាង​សង់ជំរុំ​ថ្មីបន្ថែម»។ ដោយឡែក​ជុំវិញបញ្ហានេះដែរ អង្គការសហប្រជាជាតិកាលពីចុង​ខែកុម្ភៈកន្លងទៅ ក៏ធ្លាប់បាន​វាយតម្លៃ​ផងដែរ​ថា ជនភៀសខ្លួន​ប្រមាណ ២៥០,០០០នាក់ អាចនឹង​រត់ភៀសខ្លួន​ចេញពី​ទីក្រុងម៉ូស៊ុលនៅក្នុង រយៈពេលប៉ុន្មាន​សប្ដាហ៍ខាង​មុខនេះ។

គួរបញ្ជាក់ថានៅក្នុងចំណោមជនភៀសខ្លួន ដែលកំពុងរត់គេចចេញពីសង្គ្រាម ភាគច្រើនគឺជាកុមារនិងស្ត្រី ដែលជាជនងាយរងគ្រោះខ្លាំង។ បច្ចុប្បន្នកងទ័ពអ៊ីរ៉ាក់​ហាក់កំពុងមានប្រៀប​ខ្លាំង ទៅលើក្រុម ISIS ខណៈទីតាំងសំខាន់ៗ​ជាច្រើនត្រូវបានដណ្តើម​រួចទៅហើយ ពីតំបន់ជុំវិញចំណុចស្នូលរបស់ម៉ូស៊ុល៕