(សេអ៊ូល)៖ ប្រធានាធិបតីស្តីទី​របស់​កូរ៉េខាងត្បូង​លោក Hwang Kyo-ahn បានថ្លែងនៅ​ថ្ងៃចន្ទនេះ​ថា ទីក្រុង​សេអ៊ូល គួរតែបង្កើន​ល្បឿននៃគំរោង​ដាក់ពង្រាយ​ប្រព័ន្ធការពារ​គ្រាប់មីស៊ីល​កម្រិតខ្ពស់ THAAD ដែលជា​បច្ចេកវិទ្យា​របស់អាមេរិក ឲ្យបានឆាប់បំផុត​ស្ថិតនៅចំពោះមុខការបាញ់​សាកល្បងគ្រាប់មីស៊ីលចំនួន ០៤គ្រាប់ ​របស់កូរ៉េខាងជើង​នៅព្រឹកថ្ងៃ​ចន្ទនេះ ដែល​ទីក្រុងសេអ៊ូល​ក៏បានប្រកាស​ថ្កោលទោសក្នុង​កម្រិត​ធ្ងន់បំផុត​ផងដែរ។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី Channel News Asia នៅមុននេះបន្តិច​នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

លោក Hwang បានលើកឡើងក្នុងកិច្ចពិភាក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់យ៉ាងដូច្នេះថា «យើង​គួរតែ​ធ្វើការដាក់ពង្រាយ THAAD ឲ្យបានលឿនបំផុត ដើម្បីបង្កើត​ប្រព័ន្ធការពារដ៏ប្រសើរ​មួយទប់ទល់នឹង​ការ​បាញ់មីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ ក្រសួងការ​បរទេស​កូរ៉េខាងត្បូង​បានថ្កោលយ៉ាងខ្លំាង​ចំពោះបាញ់​សាកល្បង​​មីស៊ីលផ្លោង​ពី​សំណាក់​​កូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទនេះ ដោយបាន​ហៅទង្វើបង្ក​រឿងនេះថា ជាការរំលោភ​យ៉ាងច្បាស់​ក្រឡែត​លើសេចក្ដី​សម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និងជាការ​គំរាមកំហែង​ដ៏ធ្ងន់ធ្ងរ ដល់ឧបទ្វីប​កូរ៉េ និងពិភពលោក​ទំាងមូល។

យោងតាម​រដ្ឋាភិបាល​ជប៉ុន​ទីក្រុងព្យុងយ៉ាង​បានបាញ់​មីស៊ីល០៤គ្រាប់ នៅម៉ោង​៧៖៣៦នាទី​ព្រឹកចេញពី​តំបន់ Tongchang-ri នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់​តំបន់សមុទ្រជប៉ុន ឬសមុទ្រខាងកើត ដោយគ្រាប់មីស៊ីល​ទំាងអស់នេះអាចហោះ​បានចំងាយប្រមាណ​១,០០០គីឡូម៉ែត្រ។ ជាមួយគ្នានោះដែរ​នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា «ការបាញ់​សាកល្បងមីស៊ីល​នេះ បានបង្ហាញយ៉ាងច្បាស់​ពីការរំលោភបំពាន ម្ដងហើយម្ដង​ទៀតលើសេចក្ដី​សម្រេចនៃអង្គការសហប្រជាជាតិ​ ដោយទីក្រុង​ព្យុងយ៉ាង និងជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែ​ឧបទ្វីបកូរ៉េតែមួយ​នោះទេ ក៏ប៉ុន្តែសម្រាប់​ពិភពលោកទំាង​មូលតែម្ដង។ ដូច្នេះយើងថ្កោលទោស​យ៉ាងខ្លំាងចំពោះ​ទង្វើបង្ករឿង​បែបនេះ ដែលជាផ្លូវ​ឆ្ពោះមួយទៅរក​ការបំផ្លាញខ្លួនឯង​របស់​កូរ៉េខាងជើង​តែប៉ុណ្ណោះ ហើយយើងនឹង​ធ្វើឱ្យប្រទេស​កុម្មុយនីស្ដ​ឯកោមួយនេះ តបស្នងមកវិញ​នូវតម្លៃយ៉ាង​សាកសម»

គួរបញ្ជាក់ថា​ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន​កំពុងវិភាគ​លើប្រភេទគ្រាប់​មីស៊ីលទាំង០៤ របស់​ទីក្រុង​ព្យុងយ៉ាង ខណៈជំហាន​បឋមយោធា​កូរ៉េខាងត្បូង​សន្និដា្ឋនថា មីស៊ីល​ទំាងនេះទំនងជា​មិនមែនមីស៊ីល​ផ្លោងអន្តរទ្វីប ICBM​ នោះឡើយ៕