(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង​បានបញ្ជាក់យ៉ាងមុតមាំ​សាជាថ្មីថា រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​នឹងបន្តបង្កើន​អានុភាព​នៃអាវុធនុយក្លេអ៊ែរ​​របស់ខ្លួន​ឥតឈប់ឈរ​បន្ថែមទៀត បន្ទាប់ពី​នៅវេលាព្រឹក​ថ្ងៃចន្ទនេះប្រទេស​កុម្មុយនិស្ត​មួយនេះ បានបាញ់​សាកល្បងគ្រាប់​មីស៊ីល​ចំនួនបួន​គ្រាប់ទៅកាន់​សមុទ្រជប៉ុន ដើម្បីបង្ហាញ​ការមិនពេញចិត្ត​ចំពោះសមយុទ្ធយោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ រវាងកូរ៉េខាងត្បូង​និងអាមេរិក​ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង​មានឈ្មោះ​ថា Rodong Sinmun បានគូស​បញ្ជាក់ធ្ងន់ៗ​នៅក្នុងការធ្វើ​អត្ថាធិប្បាយ​មួយ​ដែលមាន​ចំណង​ជើងថា សន្តិភាព​គួរតែត្រូវ​ការពារដោយ​កម្លាំងរបស់​យើងផ្ទាល់ យ៉ាងដូច្នេះថា «វាគឺជាឆន្ទៈ​និងគោលជំហរ​មិនប្រែប្រួល​ក្នុងការ​សាកល្បង​​គ្រប់មធ្យោបាយ​តាមតែអាច​ធ្វើបាន ដើម្បីពង្រឹង​កម្លាំងយោធា​ការពារខ្លួន​ដោយអាស្រ័យ​លើអាវុធ​នុយក្លេអ៊ែរ លុះត្រាតែ​សហរដ្ឋអាមេរិក​​សម្រេចបោះបង់ចោល​នយោបាយឈ្លានពាន​ប្រឆាំងនឹងកូរ៉េខាងជើង​»។

សារព័ត៌មាន​ដដែលបានបន្ត​ទៀតថា «យើង​នឹងខិតខំ​​បន្ត​ធ្វើ​ឲ្យ​សមត្ថភាព​ការពារជាតិ​របស់យើង​កាន់តែរឹងមាំ​ថែមទៀត តាមរយៈ​ការ​អភិវឌ្ឍ​ឥតស្រាកស្រាន្ត​នូវមធ្យោបាយ​ចាំបាច់ ដែលសាកសម​នឹងឋានៈរបស់យើង​ជាមហាអំណាចនុយក្លេអ៊ែរ​ និងយោធា​មួយ​​នៅ​តំបន់​​អាស៊ី​ខាង​កើត ហើយកូរ៉េខាងជើង​បានប្តេជ្ញាថា​នឹងធ្វើអ្វីគ្រប់បែប​យ៉ាងដែល​ចាំបាច់ និងមិនរាថយ​ដោយសារការ​ដាក់សម្ពាធ​ឬមួយក៏ទណ្ឌកម្ម​​របស់បរទេស​ណាមួយ​ឡើយ​»

គួរបញ្ជាក់ថា​កាលពីថ្ងៃសុក្រសប្តាហ៍​មុន សារព័ត៌មាន​ខាងលើនេះបាន​គំរាមម្តងរួមមកហើយ​ថា អាវុធយុទ្ធសាស្រ្ត​ថ្មីៗ​ជាច្រើន​ប្រភេទ នឹង​​ត្រូវ​ប្រើប្រាស់​ប្រសិនបើសេអ៊ូល​ និងទីក្រុងវ៉ាស៊ីតោន​នៅតែបន្ត​ធ្វើសមយុទ្ធយោធា​ប្រចាំឆ្នាំ​របស់ពួកគេ ដោយកូរ៉េខាងជើង​​បាន​អះ​អាង​ថា​​ប្រទេសទាំងពីរ​នេះ កំពុងត្រៀម​លក្ខណៈ​សម្រាប់ការវាយប្រហារ​ដោយអាវុធនុយក្លេអ៊ែរ​ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង៕