(ឡុងដ៏)៖ អតីតនាយករដ្ឋមន្ត្រី​អង់គ្លេសលោក តូនី ប្លែរ (Tony Blair) បានចូលរួម​នៅក្នុងកិច្ចប្រជុំ​សម្ងាត់មួយ​នៅឯសេតវិមាន ដើម្បីពិភាក្សា​ស្ដីពី​តួនាទីជា ទីប្រឹក្សា​ពិសេស​សម្រាប់កិច្ចការ​មជ្ឈិមបូព៌ា​របស់លោក ដូណាល់ ត្រាំ។ នេះបើតាម​សារព័ត៌មាន​អង់គ្លេស The Mail on Sunday ដកស្រង់ដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

យោងតាម The Mail on Sunday លោក តូនី ប្លែរ បានជួប​ពិភាក្សា​ការងារ​ជាមួយកូនប្រសារ​ប្រុស​របស់លោក ត្រាំ និងមន្ត្រី​ទីប្រឹក្សា​ជាន់ខ្ពស់ លោក ហ្សារេត ឃូស្ន័រ (Jared Kushner) កាលពីថ្ងៃពុធ ហើយជំនួបសម្ងាត់រវាងលោក និងលោក ឃូស្ន័រ ត្រូវបានធ្វើ​ឡើងយ៉ាងតិច​បីដង គិតចាប់តាំងពី​ខែកញ្ញា ឆ្នាំ២០១៦មក។ ទោះបីជា​យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​លោក តូនី ប្លែរ បានបដិសេធដោយមិន​​ទទួលស្គាល់ព័ត៌មាន​នេះ ហើយគ្រាន់តែ​បញ្ជាក់យ៉ាងខ្លីថា «ខ្ញុំនឹងមិនធ្វើ​ការអត្ថាធិប្បាយពាក់ព័ន្ធ​នឹងកិច្ចសន្ទនា​ឯកជននេះឡើយ»

គួរបញ្ជាក់ថា លោក តូនី ប្លែរ ធ្លាប់កាន់​តំណែងជានាយករដ្ឋមន្ត្រី​អង់គ្លេស​រយៈពេល១០ឆ្នាំ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧។ ក៏ប៉ុន្តែក្រោមការ​ដឹកនាំរបស់​លោក អង់គ្លេសមិនសូវ​ជាមានឈ្មោះល្អ​ឡើយ បន្ទាប់ពីលោក​បានសម្រេចចិត្ត​ចូលរួមក្នុង​សង្រ្គាមឈ្លានពានអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ ជាមួយសហរដ្ឋអាមេរិក​ ដែលជា​គំនិតផ្តួចផ្តើម​របស់ លោក ចច ដាប់ប៊ែល​យូប៊ូស (George W. Bush)៕