(បាងកក)៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងម្ចាស់ក្សត្រីយ៍ មីឈីកុ បានយាងមកដល់ប្រទេសថៃហើយ បន្ទាប់ពី​បានបញ្ចប់ដំណើរទស្សនកិច្ច​មិនធ្លាប់មាននៅ​ប្រទេស​វៀតណាម ហើយនៅ​ទីក្រុងបាងកក​នេះ ព្រះអង្គទាំងទ្វេ​ត្រូវបានទទួល​ព្រះរាជដំណើរដោយ​ក្រុមមន្ត្រីរាជវាំង​ថៃ និងបានជួបពិភាក្សា​​ជាលើកដំបូង​ផងដែរ​ជាមួយក្សត្រ​អង្គថ្មីនៃប្រទេស​អាស៊ាន​មួយនេះ។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី Channel News Asia នាព្រឹក​ថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

ក្រោយព្រះរាជពិធីជំនួប​សំណេះសំណាលនៃអង្គ​ព្រះមហាក្សត្រ​របស់ជប៉ុន និងថៃដែលជា​ប្រទេសជិតស្និទ្ធ​នឹងគ្នាផងដែរ​​នោះ បន្ទាប់មកទៀតព្រះចៅអធិរាជ​ជប៉ុន និងព្រះអគ្គមេហេសី​បានយាងទៅធ្វើការគោរព​វិញ្ញាណក្ខន្ធ​​ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបាន​សោយ​ទិវង្គតកាលពី​ខែតុលា ឆ្នាំ២០១៦ នៅក្នុង​មន្ទីរពេទ្យ​នៃទីក្រុង​បាងកក ហើយក្រោយ​មក​នៅខែធ្នូ ព្រះរាជបុត្រា មហា វិច្ចិរ៉ាឡុងកន បានឡើង​គ្រងរាជ្យ​បន្ត។

គួរបញ្ជាក់ថា​ព្រះចៅ អាគីហ៊ីតុ និងព្រះបាទ ភូមិបុល ត្រូវបាន​សាធារណជន​ដឹងច្បាស់ថា​ជាមិត្តនឹងគ្នា​​ដ៏​ល្អ​កាលទ្រង់នៅមាន​ព្រះជន ហើយនៅថ្ងៃខួបគំរប់ឡើងគ្រងរាជ្យកាលពីឆ្នាំ២០០៦ ព្រះចៅអធិរាជ និងម្ចាស់​ក្សត្រីយ៍​​ក៏បានយាង​មកសម្តែងការអបអរសាទរ​ដល់ប្រទេសថៃ ដូចក្សត្រ​អង្គដទៃៗ​ទៀតដែរ​​នៅលើ​សកលលោកក្នុងនោះរួមទាំង​ព្រះមហាក្សត្រកម្ពុជា។ ដោយឡែក​ព្រះបាទ មហា វិច្ចិរ៉ាឡុងកន ដែល​ភាគ​ច្រើនបាន​ចំណាយពេល​នៅបរទេសនោះ ធ្លាប់បានប្រកាសថា​នឹងធ្វើឲ្យកិត្តិនាម​របស់ព្រះអង្គល្បី​រន្ទឺមិនខុស​ពីព្រះបិតា​នោះឡើយ៕