(ម៉ូស្គូ)៖ របាយការណ៍ថ្មី​មួយ​ដែលទើបតែ​បង្ហាញ​នៅមុនសមាជប្រចាំឆ្នាំ​ របស់រដ្ឋសភា​ចិន​ ​នៅក្នុងទីក្រុង​ប៉េកាំង​នោះបានឲ្យ​ដឹងថា សមាជិកសភា​ដ៏មានឥទ្ធិពលខាង​ទ្រព្យសម្បត្តិ និងមុខជំនួញ​តែជាង១០០នាក់​ប៉ុណ្ណោះ​ ក៏មានទ្រព្យសម្បត្តិសរុបចូលគ្នា​រហូតដល់ជាង ៥០០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង​ប្រាក់ចំណូលក្នុងស្រុកសរុបមួយឆ្នាំរបស់ប្រទេស ស៊ុយអែដ ឬក៏ប៉ូឡូញ​ទៅហើយ។ នេះបើតាម​ការដកស្រង់​ពីសារព័ត៌មាន​រុស្ស៊ី RT នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

ចំពោះសមាជិក និងមន្ត្រីក្នុង​រដ្ឋសភាចិនសរុប​មានចំនួន ៥,១២៩នាក់ ក្នុងនោះ ៣,០០០នាក់ជាសមាជិក​របស់សមាជ​ប្រជាជន​ជាតិ (NPC) ត្រូវបានចាត់​ទុកជាស្ថាប័ន​នីតិបញ្ញតិ​ ដែលមានសមាជិក​ច្រើនជាងគេ​បំផុតនៅលើ​សកលលោក ប៉ុន្តែវាគ្មាន​អ្វីដែលត្រូវងឿងឆ្ងល់​នោះឡើយ ព្រោះប្រទេស​ចិនធំធេង និងមាន​ប្រជាជន​រហូតដល់​ទៅជាង ១,៣០០លាននាក់។

យោងតាម​របាយការណ៍​របស់ Hurun ដែលមានមូលដ្ឋាន​នៅទីក្រុងសៀងហៃ សមាជិក​សភា ២០៩​នាក់​ក្នុងចំណោម​សមាជិក​ទាំងអស់ អាចមានទ្រព្យសម្បត្តិ​ក្នុងម្នាក់ៗ​យ៉ាងហោចណាស់​ជិត ៣០០លានដុល្លារ​អាមេរិក ហើយដោយ​ឡែកសមាជិក​សភាជាង ១០០នាក់ទៀត​ស្ថិតនៅលំដាប់​កំពូល គឺអាចហៅបានថា​ជាកំពូលមហាសេដ្ឋី​ប្រាក់ពាន់លានដុល្លារ ឧទាហរណ៍ដូចជា​លោក Li Tzar Kuoi ដែលជា​មហាសេដ្ឋី​ទីក្រុងហុងកុង​នោះ មានទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ២៥ពាន់លានដុល្លារ​ទៅហើយ។

សរុបប្រាក់​របស់សមាជិក​សភា​កំពូលទាំង​ជាង ១០០នាក់ក៏អាច​មានដល់ ៥០៧ពាន់លាន​ដុល្លារ​ ហើយបើ​តាម​ទិន្នន័យពី​ធនាគារ​ពិភពលោក​វិញ ប្រទេសប៉ូឡូញ​ដែលមាន​ប្រជាជន ៣៨.៥លាននាក់ មានប្រាក់​ចំណូល​ក្នុង​ស្រុក (GDP) ​សរុបតែ៤៦៧ពាន់លាន​​ប៉ុណ្ណោះ។ របាយការណ៍​ខាងលើបាន​ប្រៀបធៀប​អ្វីដែល​កំពុងកើតមាន​ឡើងនេះ​ទៅរបប Marxist ដែលអាចនឹង​បង្កឡើងជា​បញ្ហារវាង លាភសក្ការៈ ផលប្រយោជន៍​​ផ្ទាល់ខ្លួន ឬក៏ផលប្រយោជន៍​សម្រាប់បក្ស៕