(ប៉េកាំង)៖ អគ្គរដ្ឋទូតចិន​ប្រចាំ​ប្រទេស​ជប៉ុន​លោក Cheng Yonghua ត្រូវបាន​សារព័ត៌មាន​​ជប៉ុនដកស្រង់​សម្តី ដែលលោក​​បានលើកឡើង​សំដៅ​ទៅលើទំនាក់ទំនង​ដ៏ជិតស្និទ្ធ​បំផុត​​រវាងសហរដ្ឋអាមេរិក និងប្រទេស​ជប៉ុន​​ចាប់តាំងពី​​លោក ដូណាល់ ត្រាំ បានឡើងកាន់​​តំណែងប្រធានាធិបតី​​ជាផ្លូវការ​នោះថា ជាការ​បង្ហាញ​អំពី​​ការ​ពួតដៃគ្នា​ដ៏ខ្លាំងបន្ថែមទៀត​​រវាងសម្ព័ន្ធមិត្ត​ទាំងពីរ ដើម្បីចាត់ទុក​ប្រទេស​ចិនជា​សត្រូវ​ជួរមុខ​ដែល​ត្រូវតែ​​ទប់ទល់​ឲ្យបាន។ នេះបើតាម​ការដកស្រង់​ការផ្សាយពីសារព័ត៌មាន​រុស្ស៊ី RT នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សន្និសីទ​មួយក្នុងទីក្រុង​ប៉េកាំង លោក Cheng បានបញ្ជាក់​យ៉ាង​ដូច្នេះថា «វាហាក់​ដូចជាមាន​ន័យថា​​ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក​​កំពុងបំផុស​ឲ្យមានការចាត់ទុក​​ចិនជាសត្រូវ​​របស់​ពួកគេ ​រួចហើយ​ក៏​បំផុសថែមទៀត​ឲ្យមានការរួមដៃ​គ្នាទប់ទល់​ជាមួយចិន»។ មន្ត្រីទូតរបស់​ចិនរូបនេះក៏បាន​រិះគន់​ផងដែរ​ចំពោះកិច្ចព្រមព្រៀង​រវាងជប៉ុន-អាមេរិក នៅក្នុងដំណើរ​ទស្សនកិច្ចរបស់​លោក អាបេ ទៅកាន់ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ខែមុនថា ជាការក្បត់នឹងពាក្យសន្យារបស់​ទីក្រុងតូក្យូ ដែលថាចង់​ធ្វើឲ្យទំនាក់ទំនង​ជាមួយទីក្រុង​ប៉េកាំង​បានល្អប្រសើរ​ឡើងនោះ។

គួរបញ្ជាក់ថា​រដ្ឋបាលអាមេរិកថ្មី បានបង្ហាញជំហរ​គាំទ្រជប៉ុនប្រឆាំង​នឹងឥទ្ធិពលចិន​ចំៗតែម្តង ជាពិសេស​នោះគឺការ​គាំទ្រការគ្រប់គ្រង​របស់ប្រទេស​ជប៉ុន​ទៅលើប្រជុំកោះ ស៊ិនកាគុ ដែលចិនហៅថា តាវយុ ស្ថិតនៅសមុទ្រចិន​ខាងកើត ដែលរឿងនេះ​ទីក្រុងប៉េកាំង​ពិតជាមិនអាចអត់​ឱនឲ្យបាន​នោះទេ។ បន្ថែមពី​នេះទៀត​សហរដ្ឋអាមេរិក ក៏គ្រោងបង្កើន​ឥទ្ធិពលនៃវិស័យយោធា​របស់ជប៉ុន ដូចជាការចង់​ឲ្យជប៉ុនមាន​អាវុធនុយក្លេអ៊ែរ ព្រមទាំងការ​អនុគ្រោះនានា​ដើម្បីជំរុញកំណើន​សេដ្ឋកិច្ចជប៉ុន ទប់ទល់នឹង​អំណាចចិន៕