(តូក្យូ)៖ រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​លោក Rex Tillerson នឹងទៅ​បំពេញដំណើរ​ទស្សនកិច្ច​នៅឯប្រទេស​ជប៉ុន កូរ៉េខាងត្បូង និងចិន​នាពេល​ឆាប់ៗ​ខាងមុខក្នុង​ខែមីនានេះ ដើម្បីធ្វើការ​ពិភាក្សាអំពីបញ្ហា​កូរ៉េខាងជើង នៅអំឡុង​ដំណើរទស្សនកិច្ច​ជាលើកទីមួយ​ទៅកាន់តំបន់​អាស៊ី​ខាង​កើត ចាប់តាំងតែ​ពីរូបលោក​បានឡើងកាន់​តំណែង ​ជា​ប្រមុខការទូតកំពូល​របស់អាមេរិក​មក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​ Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចរបស់លោក Tillerson នឹងត្រូវ​ធ្វើឡើងស្របពេល​ដែលសហរដ្ឋអាមេរិក​និងចិន កំពុងព្យាយាមធ្វើឲ្យ​ទំនាក់ទំនង​រវាង​​មហាយក្ស​ទាំងពីរ​ មានតុល្យភាព​ឡើងវិញ​បន្ទា​ប់​ពីការកើត​មានឡើង​នៃបញ្ហា​បន្តិចបន្តួច ក្រោយការ​ជាប់ឆ្នោត​របស់​ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏ដូចជា​នៅចំពោះមុខ​ភាពតានតឹង​ដ៏ក្តៅគគុក​ជុំវិញបញ្ហា​កូរ៉េខាងជើង ពាក់ព័ន្ធ​ករណីឃាតកម្ម​លើបងប្រុសម្តាយទីទៃ​របស់មេដឹក​នាំកំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។

យ៉ាងណាមិញ​អ្នកនាំពាក្យ​មួយរូប​របស់ក្រសួង​ការបរទេសអាមេរិក​បានថ្លែង​ដូច្នេះថា «ពួកយើង​ពុំមាន​គំរោង​ដំណើរទស្សនកិច្ច​​ណា​មួយ​ដែល​ត្រូវ​ប្រកាស​នោះឡើយ» ហើយព្រម​ពេលជាមួយគ្នានេះ​ក្រសួងការបរទេស​ជប៉ុន និងកូរ៉េខាងត្បូង​ក៏មិនអាចទាក់ទង​បានដើម្បី​សុំ​ការ​ធ្វើអធិប្បាយ​ផងដែរ ហើយក្រសួង​ការបរទេស​ចិន​ថែមទាំង​ពុំបានធ្វើការឆ្លើយ​តបភ្លាមៗ​ទៅនឹង​សំណើសុំ​ការធ្វើអត្ថាធិប្បាយ​ដូចគ្នា។

ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ដោយផ្អែកលើ​ប្រភពទទួល​បានពីផ្នែក​ការទូត​បានឲ្យ​ដឹងថា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson ត្រូវ​​​បានគេរំពឹង​​ថា​​នឹងធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុនរយៈពេល​ពីរថ្ងៃ ពោលពី​ថ្ងៃទី១៧-១៨ ខែមីនា ហើយនឹង​ចូលជួប​ពិភាក្សា​ជាមួយរដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុនលោក Fumio Kishida។ យោងតាម​ព័ត៌មាន Kyodo លោកទាំងពីរ​ទំនងជា​នឹងពិភាក្សាគ្នា​អំពីកាលបរិច្ឆេទ​នៃដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់ជប៉ុន។

ដោយឡែក​នៅឯប្រទេស​ចិន លោក Tillerson នឹងជួបជា​មួយរដ្ឋមន្រ្តី​ការបរទេសចិន​លោក Wang Yi ក៏ដូចជា​ប្រធានាធិបតី ស៊ី ជីនពីង ថែមទៀតផង ហើយភាគីទាំងពីរ​ត្រូវគេរំពឹងថា​នឹងរៀបចំជំនួប​ពិភាក្សា​នៅសហរដ្ឋអាមេរិក​រវាងលោក ស៊ី និងលោក ត្រាំ ដែលអាច​នឹង​​ប្រព្រឹត្តដោយ​ឆាប់បំផុត​គឺនៅខែមេសា​ខាងមុខ។ មួយវិញទៀត​លោក Rex Tillerson កាលពីខែកុម្ភៈ​កន្លងទៅបានទទូច​ឲ្យចិនធ្វើអ្វី​គ្រប់បែប​យ៉ាង​តាមតែ​អាចធ្វើ​ទៅបាន ដើម្បីកាត់​បន្ថយអាកប្បកិរិយា​នៃការបង្កអស្ថិរភាព​របស់កូរ៉េខាងជើង​ បន្ទាប់ពី​ការធ្វើតេស្ត​មីស៊ីលផ្លោង​ថ្មីចុង​ក្រោយបំផុត​របស់ប្រទេស​កុម្មុនិស្ត​មួយនេះ។

គួរបញ្ជាក់ថា​នៅក្នុងរដ្ឋធានី​សេអ៊ូលវិញ លោក Rex Tillerson នឹងជួបជា​មួយរដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​លោក Yun Byung Se ហើយ​លោករដ្ឋមន្រ្តី​ទាំងពីរ​នឹងពិភាក្សា​អំពីកម្មវិធី​អាវុធនុយក្លេអ៊ែរ​ ព្រមទាំង​មីស៊ីល​របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ក៏ដូចជា​ករណីឃាតកម្ម​​នា​ពេលថ្មីៗនេះ​ទៅលើ​លោក គីម ជុងណាំ ដែលត្រូវជា​បងប្រុសម្តាយ​ទីទៃ​របស់ប្រមុខ​ដឹកនាំ​កំពូល​ផុតលេខ​របស់កូរ៉េខាងជើង​លោក គីម ជុងអ៊ុន៕