(ប៉េកាំង)៖ អាជ្ញាធរ​ទេសចរណ៍​ចិន​ បានព្រមានប្រជាពលរដ្ឋ​របស់ខ្លួនប្រឆាំង​នឹងការធ្វើ​ដំណើរ​ទៅកាន់ប្រទេស​កូរ៉េខាងត្បូង នៅក្រោយ​​ពេលដែល​ភ្ញៀវទេសចរ​ចិនជាង​១០០នាក់ ត្រូវបានឃាត់​ខ្លួន​នៅក្នុងព្រលាន​យន្តហោះ​កូរ៉េខាងត្បួង​មួយកន្លែង​ អស់រយៈរហូតដល់​ទៅប្រាំ​ថ្ងៃ ម៉្យាង​វិញទៀតបញ្ហានេះ​បានកើតឡើងនៅចំ​ពេលប្រទេស​ទាំងពីរ កំពុងតែមានភាពមិនចុះសម្រុង​នឹងគ្នាធ្ងន់ធ្ងរ​ជុំវិញការ​ដាក់​ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល​ថ្មី​របស់​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

រដ្ឋបាល​ទេសចរណ៍ជាតិ​ចិន CNTA បានធ្វើការព្រមាន​ និងទូន្មាន​ដល់ជន​ទាំងឡាយ​ណា ដែលមាន​ចំណាប់​អារម្មណ៍ចង់ធ្វើដំណើរ​ទៅកាន់​ «ដែនដី​នៃភាពស្ងប់ស្ងាត់​នាព្រឹក​ព្រលឹម» ឲ្យសិក្សា​ស្វែងយល់​ឲ្យបាបគ្រប់ជ្រុង​ជ្រោយ និងយកចិត្តទុកដាក់អំពីច្បាប់នៃ​ការចូល​ទៅកាន់​ប្រទេសកូរ៉េខាងត្បូង​នៅមុនពេល​សម្រេចចិត្ត​ថា​ ធ្វើដំណើរទៅទីនោះ។

កោះចេជូ (Jeju) គឺជាកោះ​ដ៏ធំជាង​គេបង្អស់​នៅក្នុងចំណោម​កោះរាប់រយ​នៅកូរ៉េខាងត្បូង ហើយវា​បាន​ក្លាយ​ជាគោលដៅ​ទេសចរណ៍​ដ៏មាន​ប្រជាប្រិយមួយ​សម្រាប់ភ្ញៀវទេសចរ​ចិននាពេល​ប៉ុន្មានឆ្នាំកន្លង​ទៅនេះ។ ភាពល្បីល្បាញ​នៃកោះទេសចរណ៍នេះ​ជាមួយអ្នក​ដំណើរ​ចិនគឺ​ភាគច្រើន​ដោយសារតែ​គោលការណ៍​លើកលែង​ទិដ្ឋាការ​សម្រាប់ភ្ញៀវទេសចរ​ចិន។ ដោយឡែក​ភ្ញៀវទេសចរ​ចិន​មិនត្រឹមតែ​បានចូលរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុងសេដ្ឋកិច្ច​នៃកោះ Jeju ប៉ុណ្ណោះទេ តែក៏បានបង្ក​ឲ្យមានការកើនឡើង​នៃបទឧក្រិដ្ឋផ្សេងៗ​ជាច្រើន​ផងដែរ បន្ទាប់​ពីគោលការណ៍​លើកលែង​ទិដ្ឋាការត្រូវបានអនុវត្តន៍កាលពីឆ្នាំ២០០៨។

កាលពីខែតុលា ឆ្នាំ២០១៦ កោះ Jeju បានបដិសេធមិនឲ្យភ្ញៀវទេសចរចិនជាង​១០០នាក់ចូល​ទៅកាន់ឡើយ ដោយបានឃាត់​ខ្លួនពួកគេនៅ​ឯអាកាសយានដ្ឋាន ហើយពុំមាន​ហេតុផលណា​មួយត្រូវបានបញ្ជាក់​ឲ្យបានច្បាស់ អំពីការបដិសេធ​មិនឲ្យចូលទៅ​កម្សាន្តនៅទីនោះឡើយ តែទង្វើនេះប្រហែល​ជាត្រូវបានធ្វើឡើងដើម្បី​ជួយកាត់បន្ថយការកើនឡើង​នៃភាពតានតឹង​រវាងភ្ញៀវទេសចរ​ និងប្រជាជន​កូរ៉េខាងត្បូង​ដែល​រស់នៅលើ​កោះ Jeju។

គួរបញ្ជាក់ថា​ការឃាត់ខ្លួនភ្ញៀវទេសចរ​ខាងលើមិនបញ្ហា​តែមួយគត់ដែលបង្កភាព​តឹងតែងរវាងចិន និងកូរ៉េខាងត្បូ​ង​ឡើយ។ ការដំឡើងប្រព័ន្ធ​​ខែលការពារមីស៊ីលផលិត​ឡើងដោយ​សហរដ្ឋអាមេរិក THAAD នៅលើទឹកដី​កូរ៉េខាងត្បូង បានបណ្តាល​ឲ្យរដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​​ចោទ​ប្រកាន់​​ថា ​រដ្ឋាភិបាល​ទីក្រុងសេអ៊ូល​អាចប្រើប្រាស់​ប្រព័ន្ធរ៉ាដា​របស់ THAAD ដើម្បីឃ្លាំ​មើលសកម្មភាព​យោធា​របស់ចិន​ឲ្យ​សហរដ្ឋអាមេរិក​ ទោះបីជា​កូរ៉េខាងត្បូង​បានធានា​អះអាងជា​ដដែលៗ​ថា ប្រព័ន្ធ THAAD មានគោលដៅ​តែមួយគត់​គឺដើម្បីការពារ​ខ្លួនការគំរាមកំហែង​នានាពី​សំណាក់​កូរ៉េខាងជើង។

ម៉្យាងវិញទៀត​ជុំវិញបញ្ហាកា​រ​ដាក់ពង្រាយ​ប្រព័ន្ធ THAAD ដ៏ទំនើបនេះ ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ធ្លាប់បានរាយការណ៍​ថា ចិនមានចេត​នាចង់ដាក់​បំរាមហាមឃាត់​ប្រជាជនមិន​ឲ្យធ្វើដំណើរ​ទៅកាន់កូរ៉េខាងត្បូង​ដើម្បីសម្តែងការ​តវ៉ាប្រឆាំង តែវាគឺជាការចោទ​ប្រកាន់ដែល​​ទីភ្នាក់​ងារ​ទេសចរណ៍ចិន​បានច្រានចោល។ កាលពី​ឆ្នាំ២០១៦ នៅក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ទាំងអស់​ទៅកាន់​​ចិន​ គឺមាន​ប្រជាជន​​ចិន​ប្រហែល​​៤៧​ភាគ​រយ ហើយការដាក់​បំរាមធ្វើដំណើរពី​សំណាក់ទីក្រុងប៉េកាំង​នឹងបង្កចលាចលខ្លាំងដល់វិស័យ​ទេសចរណ៍​កូរ៉េខាងត្បូង​​ជាក់​ជាមិនខាន៕