(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភា​អាមេរិកដ៏ល្បី​ឈ្មោះ​គឺលោក John McCain បានទទូចឲ្យ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ បង្កើន​កម្លាំង​ក៏​​ដូច​​ជា​​​ចំនួន​កងទ័ព​​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយសម្អាង​លើហេតុផល​ថា សហរដ្ឋអាមេរិក​​កំពុងតែ​ស្ថិតនៅក្នុង​​សមរ​ភូមិ​​ដ៏​ក្តៅ​គគុក​​​ជាមួយ​អំពើ​​​ភេរ​វកម្ម​នៅឡើយមិនទាន់​បញ្ចប់​នោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះ​​បន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

លោក John McCain ដែលប្រធាន​គណៈកម្មាធិការ​ផ្នែកសព្វាវុធ​នៃព្រឹទ្ធសភា​អាមេរិក​នៅសុក្រនេះ​បានលើកឡើង​ថា ប្រធានាធិបតី​លោក ដូណាល់ ត្រាំ គួរតែប្រើប្រាស់​ធនធានចាំបាច់ទាំង​ប៉ុន្មាន​ដើម្បីប្រឈម​ដោះស្រាយ​ស្ថានការណ៍សន្តិសុខ​នៅ​អាហ្វហ្គានីស្ថាន។ លោក McCain បានថ្លែងដូច្នេះថា «សហរដ្ឋអាមេរិក​នៅតែស្ថិតក្នុង​សង្រ្គាមនៅឡើយ​ទេ​ នៅឯប្រទេស​អាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹង​សត្រូវ​ភេរវករ​​​ដែលបាន​បើកការ​វាយប្រហារមកលើ​ប្រជាជាតិរបស់​យើង​ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយការ​ធានាសន្តិសុខ​នៅអាហ្វ​ហ្គានីស្ថាន​ ក៏ដូចជាការ​ទប់ស្កាត់​ការវាយប្រហារ​ដទៃទៀត​មកលើមាតុភូមិ​របស់យើងនោះ ទាមទារឲ្យ​មាន​ចំនួន​​មនុស្ស​ក្នុងកម្រិត​ដ៏​សាក​សម​​នៅ​ក្នុង​ទីកន្លែង​​​ដ៏ត្រឹមត្រូវ ជាមួយនិង​សិទ្ធិអំណាច​ក៏ដូចជាសមត្ថភាព​សមស្រប​ផងដែរ»

ដោយឡែកនៅ​ថ្ងៃពុធសប្តាហ៍នេះ​មនុស្សយ៉ាងហោចណាស់​ ២២នាក់បានបាត់បង់ជីវិត និង១២០នាក់​ផ្សេងទៀត​បានទទួល​រងរបួស​នៅក្នុង​ការ​វាយ​លុក​ចំនួនបីកន្លែង​ក្នុងពេលតែមួយ​របស់ក្រុម​សកម្មប្រយុទ្ធ​តាលីបង់ ទៅលើ​បន្ទាយសន្តិសុខ​នៅរដ្ឋធានី​កាប៊ុល​របស់​អាហ្វហ្គានីស្ថាន ហើយ​វា​គឺជាការ​វាយប្រហារថ្មី​ចុងក្រោយគេ​បំផុតរបស់​ក្រុមនេះទៅលើ​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា​អាហ្វហ្គានីស្ថាន​បាន​ និងកំពុងប្រឈមមុខ​នឹងអស្ថិរភាព​អស់រយៈពេល​ជាច្រើនឆ្នាំ ដោយកងកម្លាំង​រដ្ឋាភិបាល​បានធ្វើការ​តស៊ូ​​ប្រយុទ្ធ​ឥតស្រាកស្រានដើម្បីប្រឆាំង​នឹងក្រុមឧទ្ទាមតាលីបង់​ដែលព្យាយាមបង្កើត​ច្បាប់អ៊ីស្លាម Sharia ដ៏តឹងរ៉ឹង​នៅក្នុងប្រទេស​តំបន់អាស៊ី​ខាងត្បូង​មួយនេះ។ ភាព​ចលាចលនេះក៏បានផ្តល់កំណើត​ឲ្យក្រុមភេរវករ​ដ៏មានឥទ្ធិពលដទៃៗ​ផ្សេងទៀត រួមមាន​ក្រុម ISIS ជាដើម​ ខណៈកងកម្លាំង​សន្តិសុខ​ និងការពារជាតិ​អាហ្វហ្គានីស្ថាន ក៏ដូចជាកងទ័ព​អាមេរិកដែលឈរជើង​នៅទីនោះ បច្ចុប្បន្នកំពុង​បន្តបើកប្រតិបត្តិ​ការ​យ៉ាងក្តៅគគុក ដើម្បី​កម្ចាត់អំពើភេរវកម្ម​នៅទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន៕