(អឺរ៉ុប)៖ សភាអឺរ៉ុប​បានអនុម័ត​ដំណោះស្រាយមួយ​អំពាវដល់សហភាពអឺរ៉ុប ឲ្យបង្ខំប្រជាជន​អាមេរិកបំពេញ​បែបបទស្នើ​សុំទិដ្ឋាការ​ត្រឹម​ត្រូវ​​នៅ​មុន​​ពេល​ធ្វើ​ដំណើរ​មកកាន់​បណ្តា​ប្រទេស​អឺរ៉ុប លុះត្រាតែ​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​បន្ត​គោរព​​តាម​គោល​នយោបាយដោះដូរ​ទិដ្ឋាការ ហើយឈប់មានការរើសអើង​ប្រឆាំងនឹង​ពលរដ្ឋអឺរ៉ុប​នៅភាគខាងកើត​ទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

ដំណោះស្រាយ​ខាងលើ​ដែលត្រូវបាន​អនុម័ត ដោយ​ការលើកដៃទាមទារ​ឲ្យភាពស្មើគ្នា​សម្រាប់រាល់​ប្រជាពលរដ្ឋ​អឺរ៉ុប​ពីសំណាក់​ទីក្រុង​​​វ៉ាស៊ីនតោន ដោយសារ​តែសហរដ្ឋអាមេរិក​នៅតែបន្តបដិសេធ​ ចំពោះការធ្វើ​ដំណើរ​ដោយឥតចាំបាច់​ទិដ្ឋាការ​សម្រាប់ប្រជាជន​មកពី ​ប្រទេស ប៉ូឡូញ ក្រូអាស៊ី រ៉ូម៉ានី ប៊ុលហ្គារី និងសាធារណរដ្ឋសាយព្រឺស ខណៈប្រទេស​ជាសមាជិក EU ចំនួន២៣ផ្សេងទៀត​អាចធ្វើដំណើរ​ចូល​ទៅកាន់​ទឹក​ដី​អាមេរិក​បាន​តាមរយៈការ​ប្រើប្រាស់​កម្មវិធី​លើកលែង​ទិដ្ឋាការ (VWP) ដែលបាន​ព្រមព្រៀងគ្នា។

ជុំវិញបញ្ហានេះ​សមាជិកសភា​សហភាពអឺរ៉ុប​ បានទទូចឲ្យ​គណៈកម្មការ EU ចាត់​វិធានការ​តាមផ្លូវច្បាប់​ដែលចាំបាច់​ផ្សេងៗ​នៅក្នុងរយៈពេល​​ពីរខែ ដើម្បីដាក់​កម្រិត​ទៅលើការ​ធ្វើដំណើរ​មកកាន់ទ្វីបអឺរ៉ុ​ប ដោយលើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាជន​អាមេរិក។ សភា EU បានលើក​ឡើង​​នៅក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​មួយថា «គណៈកម្មការ EU មានកាតព្វ​កិច្ចតាមច្បាប់​ ក្នុងការប្រើប្រាស់​ចំណាត់ការទាំងឡាយ​ណា​​ជា​បណ្តោះអាសន្ន ដើម្បីដាក់​ចេញនូវលក្ខខណ្ឌ​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​អាមេរិក ដោយសម្អាងថា​ទីក្រុងវ៉ាស៊ីនតោន​ នៅតែមិន​ផ្តល់ការ​លើកលែង​ទិដ្ឋាការឲ្យ​ប្រជាជន​នៃបណ្តា​ប្រទេស​អឺរ៉ុបទាំងប្រាំ»។

ការបំពានកម្មវិធី VWP ត្រូវបានរាយការណ៍ជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០១៤ នៅពេលដែលគណៈកម្មការអឺរ៉ុបបាន​ទទួលដំណឹង​ថា​ប្រទេសចំនួនប្រាំរួមបញ្ចូលទាំងសហរដ្ឋអាមេរិក មិនគោរពតាមកាតព្វកិច្ច​របស់ពួកគេដើម្បីអនុញ្ញាត​ការលើកលែងទិដ្ឋាការដល់​រាល់​ប្រជា​ពល​រដ្ឋ​នៅ​ទ្វីប​អឺរ៉ុប​នោះឡើយ ខណៈជនជាតិអាមេរិក​នៅតែទទួលបានការអនុញ្ញាត​ឲ្យជាន់លើទឹកដីរបស់ EU ដោយមិន​ចាំបាច់​មាន​ទិដ្ឋា​ការ​ដដែល។

គួរបញ្ជាក់ថា​ក្រោយមកសហភាពអឺរ៉ុប​ ក៏បានផ្តល់ដំណឹងទៅកាន់​ទីក្រុងវ៉ាស៊ីនតោន​អំពីការរំលោភ​បំពាននេះ ហើយទុក​ជម្រើស​ឲ្យអាមេរិក​​ចាប់ផ្តើមការអនុវត្តន៍​ឡើងវិញ​ នៅក្នុងរយៈពេល២៤ខែ ដែលមក​ទល់ពេលនេះ​ការហាមឃាត់​របស់​សហរដ្ឋអាមេរិក​ នៅតែមាន​សុពលភាព​​នៅឡើយទេ។ ដូច្នេះ​បើសិនជា​អាមេរិក​មិនដកបំរាម​ទិដ្ឋាការ​ នៅខែមេសា​ខាងមុខនេះ​​ទេនោះ គណៈកម្មការអឺរ៉ុបនឹង​តម្រូវឲ្យ​ចេញសកម្ម​ភាព​ និងផ្អាកការ​លើកលែង​ទិដ្ឋាការ​សម្រាប់ពលរដ្ឋអាមេរិក​ជាបណ្តោះអាសន្ន​ក្នុងរយៈពេល​១២ខែ លុះត្រែតែ​សភា​ ឬមួយក៏​ក្រុមប្រឹក្សា EU ធ្វើការ​ជំទាស់។

ដោយឡែក​ប្រធាន​គណៈកម្មការទទួល​បន្ទុកការធ្វើ​ដំណើរអឺរ៉ុប (ETC) លោក Edurado Santander ធ្លាប់បានព្រមានថា ការដាក់​បំរាមទិដ្ឋា​ការ​ទៅលើ​សហរដ្ឋអាមេរិក​ នឹងជះផល​ប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច​នៃសហភាពអឺរ៉ុប​ទាំងមូល ហើយដើម្បី​ជៀស​វាង​ការដាក់បំរាម​នេះ ETC បានធ្វើការ​ទាក់ទង​ទៅកាន់រដ្ឋាបាល​ប្រធានាធិបតីលោក ដូណាល់ ត្រាំ រួមរាល់ហើយ​ដើម្បីពិភាក្សា​អំពី​បញ្ហានេះ ហើយវានឹងអាច​ដោះស្រាយ​ចប់​រួចរាល់​នៅក្នុងកិច្ចជំនួប​ថ្នាក់រដ្ឋមន្រ្តី​អឺរ៉ុប-អាមេរិក ដែលគ្រោងនឹង​ប្រព្រឹត្តទៅ​នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ៕